ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA អញ្ជើញចុះសួរសុខទុក្ខក្មួយៗ មានជំងឺបេះដូងដែលបានវះកាត់រួចចំនួន១០០ នាក់ និងអាណាព្យាលក្មួយៗនៅមន្ទីរពេទ្យគន្ធបុប្ផានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។
នាឱកាសនោះលោកស្រី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមTYDA បានឧបត្ថម្ភអាហារចំនួន២២១០កញ្ចប់ និងប្រាក់ឧបត្ថម្ភមួយចំនួនទៀត។
ក្មួយៗមានជំងឺបេះដូងដែលបានវះកាត់រួច និងអាណាព្យាបាលបានបង្ហាញអារម្មណ៍រំភើបរីករាយក្រៃលែង និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងស្រី ពេជ ចន្ទមុន្នី ដែលមានទឹកចិត្តល្អប្រពៃសណ្តោសប្រណីគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី តែងតែយកចិត្តទុកដាក់អាណិតអាសូរគិតគូរយកចិត្តទុកដាក់ចំពោះសុខភាពរបស់ក្មួយៗកុមារនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផានាពេលកន្លងមក ព្រមទាំងផ្ដល់ថវិកាសម្ភារៈម្ហូបអាហារគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។
ថ្នាក់ដឹកនាំសាស្ត្រាចារ្យ បុគ្គលិក គ្រូពេទ្យនៃមន្ទីរគន្ធបុប្ផាបានបង្ហាញនូវសេចក្តីសុខរីករាយ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែចុះមកសួរសុខទុក្ខ និងគិតគូរពីកុមារភាពរបស់ក្មួយៗ នៅក្នុងមន្ទីរពេទ្យនេះ៕