ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត សង្ឃឹមថាទំនាក់ទំនង កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន នឹងបន្តរីកចម្រើនឥតឈប់ឈរ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបង្ហាញនូវក្ដីសង្ឃឹមថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន នឹងនៅតែបន្តរីកចម្រើន ឥតឈប់ឈរតទៅមុខ ។

ការបង្ហាញក្ដីសង្ឃឹមរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសទទួល ជួបសំណេះសំណាលជាមួយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន មុននឹងលោកបញ្ចប់បេសកកម្មការទូត នៅកម្ពុជា ។

ក្នុងជំនួបនេះ លោកទូត បានសម្តែងការអបអរសាទ ចំពោះភាពជោគជ័យនៃ ទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលបានឈានទៅដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយគ្រោងចាប់ផ្តើមអនុវត្ត ចាប់ពីឆ្នាំ២០២៣ ខាងមុខ ជាខួបទី៧០ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ។

លោកទូតក៏បានសម្តែងនូវ ការកោតសរសើរចំពោះលទ្ធផល ដ៏ត្រចះត្រចង់របស់កម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រមទាំងការចូលរួមចំណែកក្នុងការ ដោះស្រាយបញ្ហាសំខាន់ៗដែលកំពុង កើតមានឡើងនៅក្នុងតំបន់ និងសកលលោក ជាពិសេសបញ្ហា មីយ៉ាន់មា​ អ៊ុយក្រែន។ល។ មួយវិញទៀតលោក ក៏បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។

ជាការឆ្លើយតបឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំលឹកឡើងវិញអំពីការជួយឧបត្ថម គាំទ្ររបស់ប្រទេសជប៉ុន និងប្រជាជនជប៉ុនក្នុងដំណើរការ ស្វែងរកសន្តិភាពនៅកម្ពុជា និងការស្តារកសាងប្រទេសកម្ពុជា លើគ្រប់វិស័យ។ លើសពីនេះក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩ ជប៉ុនក៏ធ្លាប់បានផ្តល់ជំនួយជា វ៉ាក់សាំង Astrazeneca, រថយន្តសង្គ្រោះ, ទូដាក់វ៉ាក់សាំង, បរិក្ខារពេទ្យ និងប្រាក់កម្ចីសម្បទានដើម្បីឆ្លើយតបនឹងវិបត្តិនេះផងដែរ ដោយទាំងនេះពិតជាបានឆ្លុះបញ្ចាំង អំពីការផ្សារភ្ជាប់ទំនាក់ទំនង បានយ៉ាងស្អិតរមួត និងស្មារតីជួយគ្នាទៅវិញទៅមក ក្នុងនាមជាមិត្តល្អ។

មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណលោកឯកអគ្គរាជទូត ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារជាច្រើនក្នុងអាណត្តិការទូត អស់រយៈពេលជាង៣ឆ្នាំកន្លងមកនេះ ព្រមជាមួយនឹងក្តីសង្ឃឹមថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន នឹងនៅតែបន្តរីកចម្រើន ឥតឈប់ឈរតទៅមុខ ៕

To Top