ព័ត៌មានជាតិ

សម្ដេច ស ខេង បញ្ជាឱ្យអាជ្ញាធរទប់ស្កាត់បទល្មើស ធនធានធម្មជាតិ ពិសេសនៅតំបន់ បឹងទន្លេសាប

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវបង្ការ និងទប់ស្កាត់បទល្មើស ធនធានធម្មជាតិគ្រប់ប្រភេទ ជាពិសេសនៅតំបន់ជុំវិញ បឹងទន្លេសាប ។

ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមាន ឯករាជ្យ និងផ្សាររាត្រី ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ សម្ដេច ស ខេង បានណែនាំ ឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់អនុវត្ត ឱ្យបានម៉ឺងម៉ាត់ នូវវិធានការការពារធនធានធម្មជាតិ និងបរិស្ថាន។

សម្ដេច មានប្រសាសន៍ថា «ជំរុញឱ្យបង្កើនការយក ចិត្តទុកដាក់បង្ការ និងទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើ បរបាញ់សត្វ និងការនេសាទខុសច្បាប់ ដែលបំផ្លិចបំផ្លាញធនធាន មច្ឆាជាតិ ពិសេសនៅតំបន់ ជាប់បឹងទន្លេសាប»។

សម្ដេច បានលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋឱ្យបន្តយកចិត្តទុកដាក់ លើការងារគ្រប់គ្រងសំរាម និងការលើកម្ពស់បរិស្ថាន ពិសេសបង្កើនភាពបៃតង នៅតាមទីសាធារណៈ ។

ឆ្លៀតឱកាសនោះ សម្ដេច នាយករដ្ឋមន្ដ្រីស្ដីទី ក៏បានលើកឡើងថា កម្ពុជានៅតែរក្សាបានសុខសន្តិភាព ទោះបីជាមានក្រុមប្រឆាំង រាជរដ្ឋាភិបាលក៏ពិតមែន ប៉ុន្តែក្រុមប្រឆាំទាំងនោះ ជាក្រុមប្រឆាំង តាមគោល ការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពោលគឺគ្មានក្រុមប្រឆាំង ក្រៅច្បាប់ដែលបង្កើត ជាចលនាឧទ្ទាមប្រដាប់អាវុធនោះទេ ។

លើសពីនេះ សម្ដេច ស ខេង បានជំរុញឱ្យខិតខំយកចិត្តទុកដាក់រួមគ្នា ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមសហគមន៍ ភូមិ ឃុំ សង្កាត់ ក្នុងនោះរាប់ទាំងនៅតាមសាលារៀន ដ្បិតគ្រឿងញៀនជាសត្រូវធំបំផុត នៃការអភិវឌ្ឍធនធានមនុស្ស និង ការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ៕

To Top