ព័ត៌មានជាតិ

ក្រុមហ៊ុន​បារាំង ​នឹង​កែលម្អ​ពង្រីក​ព្រលាន​យន្តហោះ​ ខេត្ត​ព្រះសីហនុ​

ភ្នំពេញ៖ នៅក្នុងជំនួបដាច់ដោយឡែក ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តំណាង​ក្រុមហ៊ុន Vinci Airports របស់បារាំង បានស្នើពង្រីកនិងកែលម្អ បរិវេណព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ នៅក្នុងកំឡុងខែមករា ឆ្នាំ២០២៣ខាងមុខនេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ លោក កៅ គឹម ហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ បានឱ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ច នៅប្រទេសបារាំង សម្ដេចតេជោ ហ៊ុន សែន បានទទួលជួបជាមួយ ក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង ដែលមានការចូលរួមពីបណ្ដាក្រុមហ៊ុនប្រមាណជាង៣០ក្រុមហ៊ុន​។

លោកបន្ថែមថា នៅក្នុងចំណោមក្រុមហ៊ុនទាំងអស់នេះ ក៏មានក្រុមមួយចំនួន បាននិង​កំពុងបោះទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជាស្រាប់ ដូចជា ក្រុមហ៊ុន​Vinci Airports នេះជាដើម ។

លោក កៅ គឹមហួន បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន តែងតែឆ្លៀត ក្នុងការកៀរគរអ្នកវិនិយោគ​បរទេស ជាពិសេសក្នុងក្របខណ្ឌនេះគឺអ្នកវិនិយោគបារាំង ដើម្បីបន្តមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា។

ដោយឡែកនៅក្នុងជំនួបទ្វេភាគីជាមួយ សម្ដេចតេជោ ហ៊ុន សែន ក្រុមហ៊ុន Vinci បានជម្រាបជូនអំពីវឌ្ឍនភាព ដែលក្រុមហ៊ុន មកដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងស្ថានភាពព្រលានយន្ដហោះអន្តរជាតិខេត្តព្រះសីហនុ ។

លោក កៅ គឹមហួន បានបញ្ជាក់ថា «ក្រុមហ៊ុន Vinci បានស្នើថានឹងពង្រីកនិងកែលម្រមួយចំនួនទៀតនៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ »។

លោកបន្ថែមថា ក្រុមហ៊ុន Vinci ក៏បានគោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ភោធដាក់ឱ្យដំណើរការគម្រោង ពង្រីកនិងកែលម្អព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានទទួលយក ហើយនឹងអញ្ជើញជាអធិបតីភាព នៅក្នុងខែមករា ឆ្នាំ២០២៣ខាងមុខនេះ។

សូមរំលឹកថា អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុស្ថិតនៅចំងាយ១៨គីឡូ​ម៉ែត្រ​ពីក្រុងព្រះសីហនុ។ អាកាសយាន្ដដ្ឋាននេះពីដើមមានឈ្មោះថា ព្រលានយន្ដហោះកងកេង ដែលត្រូវបានសាងសង់ឡើងនៅទសវត្សរ៍ឆ្នាំ៦០ ដោយសហភាពសូវៀត។ អាកាសយានដ្ឋាន បានផ្អាកដំណើរការមួយរយៈ ក្រោយសម័យសង្គ្រាម មុននឹងបើកដំណេីរការឡើងវិញនៅថ្ងៃទី១៥ មករា ២០០៧។ ផ្លូវរត់របស់វាត្រូវបានពង្រីកអោយមានប្រវែង ២៥០០ម៉ែត​ ដើម្បីមានលទ្ឋភាពទទួលយន្តហោះប្រតិកម្មដូចជា Boeing 737 បាន៕

To Top