ភ្នំពេញ៖ ក្រោមការប្រគល់សិទ្ធិ ពីប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ លោកសាស្ត្រាចារ្យរង នី ចន្ទី ជាប្រធានការិយាល័យបច្ចេកទេស ក្នុងបទសម្ភាសន៍ផ្ទាល់ ជាមួយក្រុមការងារព័ត៌មាន នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កាលពីពេលថ្មីៗនេះ លោកបានលើកឡើងថា៖ គិតក្នុងឆ្នាំ២០២២ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានទទួលពិនិត្យ និងព្យាបាលជំងឺជូនសមាជិក ប.ស.ស. សរុបប្រមាណជាង ១.៧ម៉ឺននាក់ ដែលក្នុងនោះផ្នែកថែទាំសុខភាព មានចំនួនជាង ១.១ម៉ឺននាក់ ហើយនឹងមានការកើនឡើងច្រើនជាងនេះ នៅឆ្នាំបន្តបន្ទាប់ទៅមុខទៀត។

លោក បានបញ្ជាក់ទៀតថា៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មិនមានការរើសអើង ឬក៏បែងចែកអ្នកជំងឺនោះទេ មានន័យថាគ្រប់អ្នកជំងឺទាំងអស់ ទាំងអ្នកជំងឺបង់ថ្លៃសេវាព្យាបាល ក៏ដូចជាអ្នកជំងឺជាសមាជិក ប.ស.ស. គឺមន្ទីរពេទ្យ បានផ្តល់សេវាព្យាបាលដូចៗគ្នា។
លោក បានបន្តទៀតថា៖ អ្នកជំងឺជាសមាជិក ប.ស.ស. ដែលមកទទួលសេវា នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក៏ដូចជានៅមន្ទីរពេទ្យដែលជាដៃគូ ប.ស.ស. ផ្សេងទៀត គឺពិតមានសំណាងខ្លាំងណាស់ ព្រោះរាល់ការចំណាយលើថ្លៃព្យាបាល គឺ ប.ស.ស. ជាអ្នកបង់ថ្លៃឱ្យទាំងស្រុង បើទោះបីជាជំងឺនោះ ត្រូវចំណាយថ្លែព្យាបាល ថ្លៃយ៉ាងណាក៏ដោយ។
អ្នកជំងឺជាសមាជិក ប.ស.ស. លោក សេ ប៉ាក់ ក៏ដូចជាអ្នកជំងឺសមាជិក ប.ស.ស. ដ៏ទៃជាច្រើននាក់ទៀត ដែលកំពុងសម្រាកព្យាបាលជំងឺបេះដូង នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានបង្ហាញពីការពេញចិត្ត ក្នុងការទទួលសេវា ប.ស.ស. ដោយពួកគាត់បានបញ្ជាក់ថា៖ បើគ្មានប័ណ្ណសមាជិក ប.ស.ស. ទេ នោះប្រហែលជាពួកគាត់ មិនមានលទ្ធភាពបង់ថ្លៃព្យាបាល សម្រាប់ជំងឺរបស់គាត់នោះឡើយ។
ពួកគាត់ពិតជាមានការជឿជាក់ និងសប្បាយរីករាយ ដោយបានសម្តែងនូវការដឹងគុណ ចំពោះថ្នាក់ដឹកនាំ ប.ស.ស. ក៏ដូចជាក្រុមគ្រូពេទ្យ ពិសេសគឺការដឹងគុណ ចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ ពិសេសបានបង្កើតស្ថាប័ន ប.ស.ស. ដ៏ល្អមួយនេះឡើង។
គួររំលឹកថា បើយោងតាមរបាយការណ៍ របស់នាយកដ្ឋានបញ្ជិកា និងភាគទាន នៃ ប.ស.ស. បានបង្ហាញឱ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមាជិកសរុបចំនួនជាង ២.៥ លាននាក់ ក្នុងនោះសមាជិក ប.ស.ស. ជាមន្រ្តីរាជការសាធារណៈមានចំនួនជាង ៤៣ម៉ឺននាក់ ដែលកំពុងទទួលបានសិទ្ធិប្រើប្រាស់សេវា ក៏ដូចជាការទទួលបាននូវអត្ថប្រយោជន៍ របបសន្តិសុខសង្គមពី ប.ស.ស.៕







