ព័ត៌មានជាតិ

លោក កើត ឆែ ៖ សន្តិភាពនាំឱ្យកម្ពុជា មានការអភិវឌ្ឍឥតឈប់ឈរ ទាំងអាណាចក្រ​ និងពុទ្ធចក្រ

ភ្នំពេញ៖ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា កត្តាសុខសន្តិភាព បាននាំឱ្យកម្ពុជា មានការអភិវឌ្ឍឥតឈប់ឈរ ទាំងអាណាចក្រនិងពុទ្ធចក្រ ដែលប្រជាពលរដ្ឋទាំងអស់ សប្បាយរីករាយ និងប្រាថ្នាចង់បានគ្រប់ៗគ្នា។

ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងវត្តតាំងក់សាំងខាងជើង ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ លោក កើត ឆែ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសៃ និងគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងក្នុង ការអភិវឌ្ឍវិស័យពុទ្ធសាសនា ឱ្យមានភាពរីកចម្រើន ដោយបានផ្សារ ភ្ជាប់យ៉ាងជិតស្និទ្ធ រវាងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ ជាពិសេសស្វែងរក ភាពសុខដុមនីយកម្ម នៃវិស័យសាសនាក្នុងសង្គមកម្ពុជា ដើម្បី ពង្រឹងនូវសាមគ្គីភាព សិល្បៈ នៃការចែករំលែក នឹងឈោងចាប់យកសុខ សន្តិភាពដ៏ពេញលេញ សុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត និងការអភិវឌ្ឍជាតិ មាតុភូមិ។

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជូនប្រជាជនខ្មែរ នូវសុខសន្តិភាព ស្ថេរភាព ការបង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងមានការ បើកទូលាយក្នងការប្រតិបត្តិសាសនា ធ្វើឱ្យពុទ្ធបរិស័ទ ទាំងនៅរាជធានី ភ្នំពេញ និងតាមបណ្តាខេត្តនានា រស់នៅយ៉ាងសុខដុមរមនា ហើយសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វត្តអារាម និងកន្លែងសក្ការៈបូជានានា ត្រូវបាន កសាងឡើងជាបន្តបន្ទាប់ ត្រប់ទិសទីពាសពេញផ្ទៃប្រទេស។

លោកបានបន្តថា សមិទ្ធផលទាំងឡាយដែលត្រូវបានកសាង ឡើងក្នុងទីវត្តតាំងក្រសាំងខាងជើង នាពេលនេះ គឺបានកើតចេញពីមនុញ្ញផលនៃ “សន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិ ក្រោមនយោបាយ “ឈ្នះ-ឈ្នះ” របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈកម្លាំង មហាសាមគ្គីរបស់រាជរដ្ឋាភិបាល អាជ្ញាធរដែនដី ព្រះសង្ឃ លោកយាយ លោកតា ពុទ្ធបរិស័ទចំណុះជើងវត្ត បងប្អូនប្រជាពលរដ្ឋ ព្រមទាំង សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីទ្រទ្រង់លើកស្ទួយវិស័យ ពុទ្ធសាសនា ។

លោកសង្កត់ធ្ងន់ថា ដូច្នេះ”សន្តិភាព” គឺជាកត្តាសារវន្ត និងមានតម្លៃមិន អាចកាត់ថ្លៃបាន ហើយប្រសិនបើប្រទេសជាតិរបស់យើងគ្មានសុខ សន្តិភាព គ្មានការបង្រួបបង្រួមជាតិ និងគ្មានការអភិវឌ្ឍ ម៉្លេះសម សមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វត្តអារាម និងទីកន្លែងសក្ការៈបូជា គ្រប់ទិសទីពាសពេញផ្ទៃប្រទេស ពិតជាមិនអាចកសាងឡើងជាបន្ត បន្ទាប់ច្រើនអនេក ដូចសព្វថ្ងៃនេះឡើយ។
លោកទេព ងន បានថ្លែងឱ្យដឹងថា ការរីកចម្រើនផ្នែកអាណាចក្រ និងពុទ្ធចក្រ គួជាទីមោទនៈ ដោយធានាបានសុខដុមនីយកម្ម រវាងសាសនាទាំងអស់ក្នុងប្រទេសកម្ពុជា ហើយគ្មានការរើសអើង និងគ្មានជម្លោះសាសនា។  ដោយឡែកការរីកចម្រើនឥតឈប់ឈរក្នុងវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ គឺបានកើតចេញអំពីជំនឿដ៏ជ្រះថ្លា និងមោះមុត របស់ពុទ្ធសាសនិកកម្ពុជា នៅទូទាំងប្រទេស និងក្រៅប្រទេស។

សូមបញ្ជាក់ថា សមិទ្ធផលនានា ដែលត្រូវសម្ពោធឆ្លងនាពេលនេះ  គឺមានកុដិថ្មី ១ខ្នង មានទំហំ ១២ម៉ែត្រគុណនឹង ១៤ម៉ែត្រ កម្ពស់ជាន់ផ្ទាល់ដី ដែល អគារនេះ បានបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ និងបានបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ដោយបានជាវពុទ្ធបដិមាថ្មកែវចំនួន ២៨ អង្គ ទុកជាទី សក្ការៈបូជាសរុប ចំណាយបច្ច័យកសាងអស់ ចំនួន ១៧៣.៦១៤ ដុល្លារ៕

To Top