បរទេស៖ ប្រទេសជប៉ុន បានអនុម័តការផ្លាស់ប្តូរយ៉ាងខ្លាំង ចំពោះយុទ្ធសាស្ត្រការពារជាតិ របស់ខ្លួនកាលពីថ្ងៃសុក្រ ដោយបានប្រកាសពីផែនការចំណាយយោធាដ៏ធំមួយ។ ជប៉ុនបានសន្យាថានឹងសម្រេចបាននូវ “សមត្ថភាពវាយប្រហារ” ដែលជជែកគ្នា យ៉ាងយូរដើម្បីកំណត់គោលដៅមូលដ្ឋាន និងមជ្ឈមណ្ឌលបញ្ជារបស់សត្រូវ ជាមួយមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ផែនការដែលមានរយៈពេល៥ឆ្នាំ គិតថា នឹងបង្កើនការចំណាយ លើវិស័យការពារប្រទេសដល់ ២ភាគរយនៃ GDP ដែលបង្កើតបានការដំឡើងរហូតដល់ ៥០ភាគរយ ក្នុងថវិកាយោធាប្រចាំឆ្នាំ និងមានទឹកប្រាក់សរុបប្រហែល ៣២០ ពាន់លានដុល្លារ។
យុទ្ធសាស្ត្រសន្តិសុខជាតិថ្មី របស់ប្រទេសនេះ (NSS) អានថា “ក្រឡេកទៅមើលជុំវិញ របស់ប្រទេសជប៉ុន ខ្លួនកំពុងប្រឈមមុខនឹងបរិយាកាស សន្តិសុខដ៏ធ្ងន់ធ្ងរ និងស្មុគស្មាញបំផុត ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២” ដោយសំដៅទៅលើសម្ពាធកាន់តែខ្លាំងឡើងពី “អ្នកដែលចង់ផ្លាស់ប្តូរ ស្ថានភាពជាឯកតោភាគី ដោយកងកម្លាំង។
យុទ្ធសាស្ត្រនេះ បានដាក់ឈ្មោះប្រទេសជិតខាងរបស់ជប៉ុន រួមទាំងចិន និងកូរ៉េខាងជើងថា ជាការគំរាមកំហែងដ៏ធំបំផុតសម្រាប់ប្រទេសជាតិ។ ឯកសារនេះបានអះអាងថា៖ «បញ្ហាប្រឈមជាយុទ្ធសាស្ត្រដែលបង្កឡើងដោយប្រទេសចិនគឺជាបញ្ហាធំបំផុតដែលជប៉ុនមិនធ្លាប់ជួបប្រទះ។ ជប៉ុនក៏បានចាត់ទុកជម្លោះដែលកំពុងកើតឡើងរវាងរុស្ស៊ី និងអ៊ុយក្រែនថាជាការរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរដែលហាមប្រើកម្លាំង និងបានរង្គោះរង្គើមូលដ្ឋាននៃសណ្តាប់ធ្នាប់អន្តរជាតិ៕