ព័ត៌មានជាតិ

ចាប់​ពី​ថ្ងៃ​នេះ ដល់ចុងខែធ្នូ​ តំបន់មួយចំនួននៅកម្ពុជា នឹងបន្តចុះត្រជាក់ខ្លាំង

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ ឲ្យដឹងថាចាប់ពីថ្ងៃទី២១ ដល់២៧ធ្នូខាងមុខនេះតំបន់មួយចំនួនរបស់ប្រទេសកម្ពុជា នឹងបន្តចុះត្រជាក់ទៀត ដូច្នេះសូមប្រជាពលរដ្ឋដែលរស់នៅតំបន់ ទាំងនោះមានការប្រុងប្រយ័ត្ន។

យោងតាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹកចាប់ពី ថ្ងៃទី២១-២៧ ខែធ្នូ ឆ្នាំ២០២២ លើកឡើងថា នៅក្នុងមួយសប្ដាហ៍ខាង មុខនេះប្រទេសកម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់(ចិន) និងខ្យល់ មូសុងឦសាន្តក្នុងកម្រិតមធ្យម ។

ក្រសួងបានលើកឡើងថាស្ថានភាពបែបនេះ នឹងធ្វើឲ្យ តំបន់ទំនាបកណ្តាលមាន សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ អង្សាសេ។ អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្ហូរ ។

ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ។ អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គរ ។ នៅខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៧-១៨ អង្សាសេ ។ ដោយឡែកនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ១៩-២១អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ អង្សាសេ អាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យម ។

ក្រសួងបន្តថាអាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ថែរក្សា សុខភាពចំពោះស្ថានភាពធាតុអាកាស ដែលនៅបន្តចុះត្រជាក់ ៕

To Top