ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យអ្នកម៉ៅការជួសជុលផ្លូវឡើងវិញ បន្ទាប់ពីបានបាក់ស្រុតដោយសារទឹកជំនន់

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យផ្លូវបេតុងដែលបានបាក់ស្រុត ខូចខាតដោយសារទឹកជំនន់ស្ថិតនៅឃុំពាមប្រធ្នោះ និងឃុំល្វេ ក្នុងស្រុកកោះសូទិន។

បើតាមអភិបាលស្រុកកោះសូទិន លោក យី វណ្ណៈ បានប្រាប់ឲ្យដឹងថា ផ្លូវបេតុងស្ថិតនៅក្នុងឃុំទាំងពីរខាងលើ បានស្ថាបនារួចនៅខែកក្កដា ឆ្នាំ២០២២ កន្លងមកនេះ ។ ប៉ុន្តែ ដោយសារជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀងផងនោះ បានធ្វើឲ្យមានការបាក់ស្រុតដី ធ្វើឲ្យប៉ះពាល់ដល់ផ្លូវបេតុង ប្រវែងសរុបប្រមាណជាជាង ២០០ ម៉ែត្រ ដោយក្នុងនោះ ភូមិព្រែកចង្ក្រាន ក្នុងឃុំល្វេប៉ះពាល់ ៣ន្លែង ជាង ១០០ ម និងនៅ ភូមិមហាលាភ ក្នុងឃុំពាមប្រធ្នោះ រងផលប៉ះពាល់ផ្លូវ ជាង ១០០ ម៉ែត្រ ផងដែរ ។

យ៉ាងណាក៏ដោយ បន្ទាប់ពីបានចុះពិនិត្យនូវចំណុចផ្លូវបេតុង ដែលរងផលប៉ះពាល់ដូចខាងលើ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បាន ចាត់បញ្ជាផ្ទាល់ឱ្យក្រុមការងារអ្នកម៉ៅការ ចាប់ផ្ដើមជួសជុលផ្លូវឡើងវិញ នៅក្នុងខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ ៕

To Top