ព័ត៌មានជាតិ

បទអត្ថាធិប្បាយ៖ ការកែសម្រួលជាបន្តបន្ទាប់​ នូវវិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ របស់ប្រទេសចិន គឺសមស្របតាមបែបវិទ្យាសាស្ត្រ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា និងអ្នកសារព័ត៌មាន បានចាត់ទុកថា ការកែសម្រួលជាបន្តបន្ទាប់ នូវវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ របស់ប្រទេសចិន គឺមានលក្ខណៈសមស្រប តាមបែបវិទ្យាសាស្ត្រ។

ប្រាប់អ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិន នារសៀលថ្ងសទី២១ ខែធ្នូ ឆ្នាំ២០២២ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាក្រសួងសុខាភិបាល បានមានប្រសាសន៍ថា កម្ពុជាតាមដានស្ថានភាព ជំងឺរាតត្បាតកូវីដ១៩ នៅក្នុងប្រទេសចិនជាប់ជានិច្ច ។ ភាគីចិនរក្សាគោលជំហរ “យក អាយុជីវិតប្រជាជនជាសំខាន់” ធ្វើឱ្យកាត់បន្ថយអត្រាឆ្លង អត្រាឈឺធ្ងន់ និងអត្រាស្លាប់ឱ្យទាបជាងគេបំផុត លើពិភពលោកយ៉ាងជោគជ័យ។

លោកស្រី យល់ឃើញថា ការកែសម្រួលជាបន្តបន្ទាប់​ នូវវិធានការបង្ការនិងគ្រប់គ្រង ជំងឺរាតត្បាតរបស់ប្រទេសចិន គឺមិនត្រឹមតែមានភាពប្រុងប្រយ័ត្ន និងត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រ និងធានាបាននូវសុវត្ថិភាពអាយុជីវិត របស់ប្រជាជនជាអតិបរមាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចស្ដារឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ចនិងសង្គម ប្រកបដោយរបៀបរៀបរយ ដែលផ្ដល់ប្រយោជន៍ ដល់តំបន់និងពិភពលោកឆ្ពោះទៅរក ការអភិវឌ្ឍន៍ផងដែរ។

សំឡេង៖« ខ្ញុំយល់ថា ពេលចាប់ផ្តើមមានកូវីដ១៩ គឺមានការស្រស្រាក់ស្រស្រាំស្វែងរកវ៉ាក់សាំង ឱ្យប្រជាពលរដ្ឋបានចាក់ទាន់ពេលវេលា ហើយចិនបានចែករំលែកវ៉ាក់សាំង ដល់ប្រទេសកម្ពុជា ។ កម្ពុជាក៏បានទទួលបានផលប្រយោជន៍ ពីការផ្តល់វ៉ាក់សាំងរបស់ចិននេះ ។ ហើយនៅពេលនេះ ពេលដែលចិនបានកែសម្រួល នូវវិធានការមួយចំនួនធំ អ៊ីចឹងចិនបានឈានទៅរកភាពវិជ្ជមាន និងជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ »។

លោក គង់ សិរីរ័ត្ន ប្រធានការិយាល័យព័ត៌មាន នៃអគ្គនាយកដ្ឋានទីភ្នាក់ងារ សារព័ត៌មានកម្ពុជា(AKP) បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនដែរថា ក្នុងនាមអ្នកសារព័ត៌មានរបស់ជាតិមួយរូប លោកបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការតាមដានផ្សព្វផ្សាយពីការវិត្តន៍ ការងារប្រយុទ្ធប្រឆាំងកូវីដ១៩ របស់ចិន និងកម្ពុជា។

ក្នុងនោះមានព័ត៌មានជាច្រើន ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដូចជាព័ត៌មានស្តីពីប្រទេសចិនបាន ផ្តល់វ៉ាក់សាំង និងសម្ភារៈបរិក្ខាវិជ្ជសាស្រ្ត ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ជាដើម។

លោក គង់ សិរីរ័ត្ន បានបន្តថា ការកែសម្រួលគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន នាពេលបច្ចុប្បន្នេះ បាន ឆ្លុះបញ្ចាំងពីជំហររបស់ចិន និងស្មារតីនៃការស្វែងរកការពិត និងជឿនលឿនទៅតាមសម័យកាល ដើម្បីកាត់បន្ថយផលប៉ះពាល់ ទៅលើជីវភាពរស់នៅ របស់ប្រជាជនចិន និងពិភពលោក ។ «ខ្ញុំយល់ឃើញថា ជាវិធានការល្អបំផុតព្រោះកាលណាចិន ទទួលបានជោគជ័យក្នុងការទប់ស្កាតកូវីដ១៩ ពោលពិភពលោក ក៏ជោគជ័យដែរ ដោយថាប្រជាជនច្រើន ហើយបើចិនជោគជ័យនោះ សេដ្ឋកិច្ចពិភពលោកក៏ជោគជ័យ»។

សូមបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងបញ្ហានេះដែរ កាលពីរសៀលថ្ងៃទី២១ខែធ្នូ ឆ្នាំ ២០២២ នៅព្រឹទ្ធភា បានរៀបចំសិក្ខាសាលាមួយស្តីពី “កម្ពុជា-ចិនរួមជោគវាសនា ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩” ក្រោមអធិបតីភាពលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ,​លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា, លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធកម្ពុជាចិន ជាច្រើននាក់ទៀតផងដែរ។

អ្នកចូលរួមទាំងអស់បានពិភាក្សាអំពីថា តើកម្ពុជានិងចិន បានសាមគ្គីគ្នាដូចម្ដេចខ្លះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ចាប់តាំងពីជំងឺនេះបានផ្ទុះឡើងមក រំឭកឡើងវិញ អំពីរយៈពេលបីឆ្នាំកន្លងមកនេះ ប្រទេសចិនខិតខំស្រាវជ្រាវ ផលិតវ៉ាក់សាំងកូវីដ១៩ ផ្ដល់ជំនួយដល់ការប្រយុទ្ធប្រឆាំង ជំងឺរាតត្បាតសកល តាមតែអាចធ្វើបាន ស្វែងយល់អំពីគោលនយោបាយថ្មី បង្ការ និងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន ដើម្បីរួមគ្នាត្រៀមខ្លួនបញ្ចូលថាមពលកាន់តែខ្លាំងក្លា ទៅក្នុងសហគមន៍ជោគវាសនារួមកម្ពុជាចិន៕ (អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន)

To Top