ព័ត៌មានជាតិ

ប.ស.ស. អញ្ជើញជាវាគ្មិន បណ្ដុះបណ្ដាល របបសន្ដិសុខសង្គម ដល់បងប្អូនបម្រើការងារ ក្នុងវិស័យសំណង់ និងឡឥដ្ឋ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នេះ លោក សុក បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិកសន្ដិសុខសង្គម បានអញ្ជើញជាវាគ្មិនក្នុងសិក្ខាសាលាបណ្ដុះបណ្ដាល អត្ថប្រយោជន៍ របបសន្ដិសុខសង្គម ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ជូនដល់បងប្អូនវិស័យសំណង់ និងឡឥដ្ឋ ដើម្បីចែករំលែកនូវចំណេះដឹង អត្ថប្រយោជន៍របបសន្ដិសុខសង្គម សម្រាប់បងប្អូនដែលបម្រើការងារ ក្នុងវិស័យសំណង់ និងឡឥដ្ឋ ឱ្យមានការយល់ដឹងកាន់តែច្បាស់លាស់ និងភាពល្អប្រសើរឡើង មុនឈានដល់ការគ្របដណ្ដប់ពេញលេញ ក្នុងការផ្ដល់របបសន្ដិសុខសង្គម ជូនបងប្អូននិយោជិតទាំងអស់នៅកម្ពុជា។

ក្នុងឱកាសជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោក សុក បូរ៉ា បានលើកឡើងថា៖ របបសន្ដិសុខសង្គមទាំងបីផ្នែក ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែល ប.ស.ស. កំពុងអនុវត្តនេះ គឺមានសារៈសំខាន់ទាំងអស់ និងមានអត្ថប្រយោជន៍ផ្សេងៗគ្នា ជាច្រើនដល់កម្មករនិយោជិត ដោយមានការធានារ៉ាប់រងសុខភាពសង្គម ដែលត្រូវផ្តល់តាវកាលិក សេវាបង្ការសុខភាព​  តាវកាលិកព្យាបាល និងថែទាំវេជ្ជសាស្ត្រ និងការផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ សម្រាប់រយៈពេលនៃការអាក់ខាន ពីការងារដោយការព្យាបាលជំងឺ  ឬគ្រោះថ្នាក់ផ្សេងៗ និងការសម្រាកមាតុភាព ដោយមិនបារម្ភ ចំពោះការចំណាយលើថ្លៃព្យាបាល ដែលធ្វើឱ្យប៉ះពាល់ ដល់ជីវភាពឡើយ។

លោកបានឱ្យដឹងបន្តថា ចំពោះផ្នែកប្រាក់សោធន ជារបបសន្ដិសុខសង្គមថ្មី របស់ ប.ស.ស. ត្រូវចូលរួមពីវិស័យឯកជន ដើម្បីរួមចំណែក ជួយដល់បុគ្គលិកគ្រប់រូប មានការរស់នៅប្រកបដោយទំនុកចិត្ត ក្រោយពេលចូលនិវត្តន៍ ដោយទទួលបានប្រាក់សោធនក្នុងពេលខាងមុខ ។ ទន្ទឹមនឹងការទទួលបានសោធនជរាភាពនេះ សមាជិក ប.ស.ស. ជាកម្មករនិយោជិត ត្រូវបំពេញលក្ខខណ្ឌចំនួន៣ ដោយបានចុះបញ្ជីក្នុងផ្នែកសោធនមានអាយុយ៉ាងតិច ៦០ ឆ្នាំ និងបានបង់ភាគទាន ផ្នែកប្រាក់សោធនយ៉ាងតិច ១២ ខែ ដែលភាគទានសោធនកំណត់ ២%ជាបន្ទុកនិយោជិត និង ២%ជាបន្ទុករបស់និយោជក។ ក្នុងករណីចូលរួមបង់ភាគទាន បំពេញគ្រប់លក្ខខណ្ឌ នោះ ប.ស.ស. នឹងផ្ដល់ជូនប្រាក់សោធនជារៀងរាល់ខែ ដោយក្នុង ១ ខែ បើកបាន ២ ដងតាមរយៈកុងធនាគារផ្ទាល់ខ្លួនក្រោយសមាជិក ប.ស.ស. មានអាយុ៦០ ឆ្នាំ។ 

តំណាងសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សួ ឆ្លូញ ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខាងលើនេះ បានបង្ហាញអារម្មណ៍ថា៖ លោកមានសេចក្ដីរីករាយក្រែលែងដែលរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងជំរុញឱ្យមានរបបសន្ដិសុខសង្គម ទាំង៣ផ្នែកនេះ ទន្ទឹមនឹងនេះ លោកក៏បានស្នើដល់ភាគីពាក់ព័ន្ធ នឹងបន្ដជួយជំរុញបន្ថែម ដល់ម្ចាស់សិប្បកម្មឡឥដ្ឋ ក៏ដូចជាម្ចាស់ការដ្ឋាន ឬម្ចាស់ក្រុមហ៊ុនសំណង់ ធ្វើយ៉ាងណាត្រូវមាន ប.ស.ស. ជូនកម្មករគ្រប់ៗគ្នា ដើម្បីជួយគាត់នៅពេលមានជំងឺ ឬយថាហេតុកើតឡើងនានាមួយទៀតនៅពេលដែលពួកគាត់ចាស់ទៅ គាត់នឹងអាចទទួលបាននូវប្រាក់សោធននិវត្តន៍សម្រាប់គាត់។

លោកបន្ដថា ការចូលរួមក្នុងភាគទានប្រាក់សោធននេះ គឺជាបដិភាគទៅវិញទៅមកជាមួយគ្នា ដោយមានការលះបង់រវាងភាគីកម្មករនិងភាគីថៅកែ ព្រោះទៅមុខទៅរបបនេះផ្ដល់អត្ថប្រយោជន៍ច្រើនដល់កម្មករ ហើយចំពោះភាគទាន ២% សម្រាប់ប្រាក់សោធននេះគឺលទ្ធភាពមួយដែលកម្មករអាចចូលរួមបង់ដែរ ហើយណាមួយទៀតសោតគឺកាត់ទៅតាមសមាមាត្រប្រាក់ឈ្នួលរបស់គាត់ បើច្រើនគឺកាត់ច្រើន បើតិចគឺកាត់តិចទៅតាមនឹងផងដែរ។

អ្នកស្រីបម្រើការងារ ក្នុងឡឥដ្ឋឯកជនមួយកន្លែង ក្នុងរាជធានីភ្នំពេញ ជាសិក្ខាកាមចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខាងលើ អ្នកស្រីបានបង្ហាញអារម្មណ៍ថា៖ នៅពេលដែល មាន ប.ស.ស. លោកស្រីមានអារម្មណ៍សប្បាយរីករាយ ដោយ ប.ស.ស. អាចជួយលោកស្រីបាននៅពេលដែលឈឺទៅពេទ្យពុំអស់លុយដើម្បីព្យាបាល ហើយជាពិសេសទទួលបានចំណេះដឹងក្នុងវគ្គបណ្ដុះបណ្ដាលនេះបន្ថែមទៀតផងដែរ លោកស្រីនឹងបន្ដផ្សព្វផ្សាយដល់អ្នកធ្វើការអ្នកស្រីបានដឹងគ្រប់ៗគ្នា។ 

ជុំវិញករណីនេះ លោក សុក បូរ៉ា បានបញ្ជាក់ថាៈ ប.ស.ស. នឹងធ្វើការជាមួយភាគីពាក់ព័ន្ធ ជាពិសេសសហព័ន្ធសហជីពដែលពាក់ព័ន្ធលើការងារនេះ ធ្វើយ៉ាងណាគ្របដណ្ដប់ជូនបងប្អូនកម្មករវិស័យសំណង់ និងឡឥដ្ឋនេះ ឱ្យបានរបបសន្ដិសុខសង្គមពេញលេញគ្រប់ៗគ្នា ដោយពុំទុកនរណាម្នាក់ចោលឡើយ។

សូមបញ្ជាក់ថាៈ វគ្គបណ្ដុះបណ្ដាលខាងលើនេះ រៀបចំឡើងដោយ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា ក្រោមជំនួយរបស់អង្គការអាហ្វីដា នៅអគារឌីខេមីតធីងសេនធើ ដោយមានការចូលរួមពីបងប្អូនបម្រើការងារនៅក្នុវិស័យសំណង់ និងឡឥដ្ឋប្រមាណជា ៤០នាក់៕

To Top