ភ្នំពេញ៖ នាឱកាសជម្រាបលាប្រជាពលរដ្ឋខ្មែរ ក្រោយបញ្ចប់បេសកកម្មការទូតនៅកម្ពុជាលោក មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុន បានជូនពរឱ្យកម្ពុជាកាន់តែមានការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យបន្តទៀត ដើម្បីឆ្ពោះទៅរកសង្គមមួយដោយ មិនទុកនរណាម្នាក់ចោលឡើយ ហើយគ្រប់គ្នាកាន់តែមានសុភមង្គល។
តាមរយៈវិដេអូជាង៤នាទី បង្ហោះក្នុងគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នាពេលថ្មីៗនេះ លោក មីកាមិ ម៉ាសាហ៊ីរុ បានឱ្យដឹងថា លោកនឹងចាក ចេញពីកម្ពុជាជាមួយនឹងការចងចាំល្អៗជាច្រើន។ លោកក៏អរគុណសម្រាប់ការគាំទ្រ ការងាររបស់លោករយៈពេល៣ឆ្នាំ ៤ខែនៅកម្ពុជា។
លោករៀបរាប់ថា តាំងពីចាប់ផ្តើមបេសកកម្មនៅខែកញ្ញា ឆ្នាំ២០១៩ ទោះបីជាមានការប្រឈមនៃវិបត្តិកូវីដ-១៩ ប៉ុន្តែលោកជឿជាក់ថា ទំនាក់ទំនងជប៉ុន-កម្ពុជាបានរីកចម្រើនយ៉ាងប្រសើរ នៅគ្រប់កម្រិតចាប់ពីដំណើរទស្សនកិច្ច ថ្នាក់កំពូលរហូតដល់ការផ្លាស់ប្តូរ ថ្នាក់មូលដ្ឋានលើគ្រប់វិស័យ។ ឆ្នាំនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ លោក គីស៊ិដា ហ្វូមិអ៊ុ និងសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាគ្នាចំនួន៤ដងនៅកម្ពុជា និងជប៉ុន ហើយកាលពីខែមុន បានប្រកាសថា នឹងតំឡើងទំនាក់ទំនងទ្វេភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅឆ្នាំក្រោយដែលជាឆ្នាំខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ក្នុងនាមជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក ក៏បានកោតសរសើរចំពោះសមិទ្ធផល ដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជា ទោះបីជាប្រទេសជាតិត្រូវបានបំផ្លិចបំផ្លាញ ដោយសារសង្គ្រាមស៊ីវិល ហើយរីករាយដែល ជប៉ុនបានចូលរួមចំណែក ក្នុងដំណើរការស្វែងរកសន្តិភាព និងការកសាងប្រទេសឡើងវិញ។ បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនបាននិងកំពុងពង្រីកមិនត្រឹមតែ ផ្នែកជំនួយពីជប៉ុនប៉ុណ្ណោះទេ ថែមទាំងក្នុងវិស័យធុរកិច្ច និងវិស័យផ្សេងៗទៀត ស្របពេលសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន ហើយសមត្ថភាពរបស់កម្ពុជាកាន់តែប្រសើរឡើង។
ក្នុងពេលកាន់តំណែង លោកទូត មានឱកាសបានជួបប្រជាជនកម្ពុជាជាច្រើន និងទទួលបានបទពិសោធន៍ ពីវប្បធម៌ខ្មែរតាមរយៈកម្មវិធីជួបជុំ និងព្រឹត្តិការណ៍ផ្សេងៗ ហើយឥឡូវនេះ លោកយល់ដឹងកាន់តែច្បាស់អំពីប្រទេស និងប្រជាជនកម្ពុជា បើធៀបនឹងពេលទើបមកដល់។ លោក រីករាយដែលជីវភាពរស់នៅរបស់ ប្រជាជនបានប្រសើរឡើង ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ប៉ុន្តែនៅតែមានការប្រឈមជាច្រើនទៀតនៅខាងមុខ។
លោក មីកាមិ ម៉ាសាហ៊ីរុ បានបញ្ជាក់ថា «ខ្ញុំសូមជូនពរឱ្យប្រទេសកម្ពុជាកាន់តែ មានការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ បន្តទៀតឆ្ពោះទៅរកសង្គមមួយដោយ មិនទុកអ្នកណាម្នាក់ចោលឡើយ ហើយគ្រប់គ្នាកាន់តែមានសុភមង្គល។ ខ្ញុំសូមជូនពរប្រជាជនកម្ពុជាដោយអស់ពីចិត្ត។ ខ្ញុំនឹងទៅប្រទេសបែលហ្ស៊ិកនាពេលឆាប់ៗនេះ ក្នុងនាមជាឯកអគ្គរាជទូតនៅទីនោះ ប៉ុន្តែខ្ញុំនឹងបន្តធ្វើជាអ្នកគាំទ្រ ដ៏ខ្លាំងក្លាម្នាក់សម្រាប់កម្ពុជា និងទំនាក់ទំនងកម្ពុជា-ជប៉ុន»៕