ព័ត៌មានជាតិ

កម្ពុជា មិនតម្រូវឱ្យភ្ញៀវទេសចរដាក់ប្រាក់តាមខ្លួន ១ពាន់ ឬ២ពាន់ដុល្លារ ចូលកម្ពុជា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា មិនតម្រូវឱ្យភ្ញៀវទេសចរមានសាច់ប្រាក់តាមខ្លួន ១.០០០ដុល្លារ ឬ២.០០០ដុល្លារ ចូលកម្ពុជាឡើយ។

ការលើកឡើងបែបនេះបន្ទាប់ពីមាន ព័ត៌មានមួយចំនួន បានលើកឡើងពីការកំណត់លក្ខខណ្ឌឱ្យភ្ញៀវទេសចរ​ត្រូវមានសាច់ប្រាក់តាមខ្លួនចំនួន១.០០០ ឬ២.០០០ ដុល្លារ មុនចូលមកកម្ពុជា ក្នុងនោះក៏មានបុគ្គលិកក្រុម ហ៊ុនអាកាសចរណ៍មួយចំនួនបានសាកសួរភ្ញៀវទេសចរឱ្យបង្ហាញសាច់ប្រាក់ ចំនួន ១.០០០ ឬ ២.០០០ដុល្លារ មុនអនុញ្ញាតឱ្យឡើងជិះយន្តហោះ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី២២ ធ្នូ បានឱ្យដឹងថា «ក្រសួងទេសចរណ៍ មានកិត្តិយសសូមធ្វើការបញ្ជាក់ជូនសាធារណជន ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូន និងភ្ញៀវទេសចរទាំងអស់ ឱ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា មិនមានគោលនយោបាយណាមួយ​តម្រូវឱ្យភ្ញៀវទេសចរមានសាច់ប្រាក់តាមខ្លួនចំនួន ១.០០០ ឬ ២០០០ដុល្លារ ដើម្បីអាចចូលមកព្រះរាជាណាចក្រកម្ពុជានោះទ»។

ក្រសួងបន្ដថា ការសាកសួរភ្ញៀវទេសចរអំពីចំនួនទឹក ប្រាក់យកតាមខ្លួន ជាសមត្ថកិច្ចរបស់មន្ត្រីជំនាញដែល មានសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិ គឺត្រូវធ្វើឡើងចំពោះករណីសង្ស័យមួយចំនួនតែប៉ុណ្ណោះ មិនប្រកាន់ភ្ញៀវទេសចរជនជាតិណាឡើយ និងមិនធ្វើឡើងជាទូទៅគ្រប់ភ្ញៀវទេសចរទាំងអស់នោះទេ។

ជុំវិញបញ្ហាទាំងនេះ ក្រសួងទេសចរណ៍ ក៏បានលើកទឹកចិត្តឱ្យភ្ញៀវទេសចរ​ទាំងអស់គោរពតាម​លក្ខខណ្ឌតម្រូវរបស់កម្ពុជា និងស្វាគមន៍ភ្ញៀវទេសចរទាំងអស់មកទស្សនានៅកម្ពុជាផងដែរ៕

To Top