ព័ត៌មានជាតិ

ក្រសួងធនធានទឹក ជូនដំណឹង ស្តីពី ការព្យាករអាកាសធាតុ លើកទី ១ សម្រាប់រដូវប្រាំង (២០២២-២០២៣) និងដើមរដូវវស្សា ឆ្នាំ ២០២៣

ភ្នំពេញ ៖ យោងតាមការវិវត្ត អាកាសធាតុជាសកល តំបន់ ក៏ដូចជាផ្ទៃក្នុងប្រទេស ក្រសួង ធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹង ដល់សាធារណជន ឲ្យបានជ្រាប អំពីស្ថានភាពអាកាសធាតុ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ ២០២៣ ដូចខាងក្រោម ៖

១- បាតុភូតសកល ៖
ផ្អែកតាមការជូនដំណឹងជាសកល ស្តីពីស្ថានភាពសីតុណ្ហភាព លើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក នៅក្នុងតំបន់អេក្វាទ័រ បានបង្ហាញឲ្យឃើញថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៣ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរង នូវឥទ្ធិពលពីបាតុភូតអែលនីណូ (El Nino) ២០% និងបាតុភូតអែនសូ (ENSO) ៨០% ជាបាតុភូតអន្តរកាល នៅចន្លោះរវាងឡានីណា (La Nina) និងអែលនីណូ (El Nino) ។

២- រដូវប្រាំង ៖
២.១- សីតុណ្ហភាព ៖
សីតុណ្ហភាព មានកម្រិតទាប ឬប្រហាក់ប្រហែល នឹងមធ្យមភាគច្រើនឆ្នាំ

-ខែមករា ៖ បណ្តាខេត្តនៅតំបន់ទំនាបកណ្តាល សីតុណ្ហភាពមធ្យមអប្បបរមា ១៨ºC និងមធ្យមអតិបរមា ២៩ºC ។ នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន្ត សីតុណ្ហភាព អប្បបរមា អាចចុះមកក្នុងរង្វង់ពី ១៥-១៧ºC

-ខែកុម្ភៈ ដល់ខែមីនា ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២០ ºC និងមធ្យមអតិបរមា ៣៣ºC

-ខែមេសា ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៤ºC និងមធ្យមអតិបរមា ៣៦ºC ។ កម្រិត សីតុណ្ហភាពអតិបរមាអាចនឹងកើនឡើងដល់ ៣៩ºC ។
២.២- ទឹកភ្លៀង ៖
បរិមាណទឹកភ្លៀង អាចនឹងស្មើនឹងកម្រិតមធ្យម ភាគច្រើនឆ្នាំ ប៉ុន្តែតិចជាងឆ្នាំ ២០២២

នៅក្នុងខែមីនា និងមេសា នឹងអាចមានភ្លៀងកក់ខែធ្លាក់ក្នុងកម្រិត ពីតិចទៅបង្គួរ ទន្ទឹមនោះក៏មានការកើតឡើងនូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ច្រើនផងដែរ ។
៣- ដើមរដូវវស្សា ៖

រដូវវស្សាឆ្នាំ ២០២៣ នៅទូទាំងប្រទេស អាចនឹងចាប់ផ្តើមនៅពាក់កណ្តាលខែឧសភា។ ដោយឡែកតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី ១ នៃខែឧសភា ។

ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អជាបង្គួរ ជាមួយនឹងបរិមាណទឹកភ្លៀង ក្នុងកម្រិត ពីតិចទៅបង្គួរ លាយឡំជាមួយនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ច្រើន ។ បើទោះបីនៅក្នុងរដូវប្រាំង និងដើមរដូវវស្សាអាច នឹងមានភ្លៀងកក់ខែច្រើនបង្គួរ តែបរិមាណ ទឹកភ្លៀងដែលធ្លាក់មកមិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ ។ អាស្រ័យហេតុនេះ សូមបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសបណ្តាតំបន់ ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក ៕

To Top