ភ្នំពេញ៖ យុវតី ភាព ស្រីណាក់ គឺជាបេក្ខនារីប្រឡងជាប់និទ្ទេស A ក្នុងខេត្តព្រះសីហនុ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជន ចាប់អារម្មណ៍លើយុវតីរូបនេះ គឺកត្តាជីវភាព ដែលពុំមែនជាឧបសគ្គ សម្រាប់ការដណ្ដើមយកនិទ្ទេស A នៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ០៥ ធ្នូ ២០២២។
បើតាមគណនីហ្វេសប៊ុក របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានឱ្យដឹងថា «បេក្ខនារី ភាព ស្រីណាក់ រស់នៅជាមួយលោកយាយ មុខរបរលាងចាន តាមរោងការ រោងបុណ្យ ក្មួយរៀនផង ស៊ីឈ្នួលលាងម៉ូតូផង ផ្សំចំណូលគ្រួសារជាមួយលោកយាយ តែក្មួយរៀនពូកែណាស់ ប្រឡងបាននិទ្ទេស A ។
ក្នុងឱកាសនោះ លោក គួច ចំរើន ក៏បានជូនពរឱ្យអនាគត បេក្ខនារី ភាព ស្រីណាក់ ទទួលបានជោគជ័យ ខណៈរូបនាងមានបំណង ចង់ធ្វើគ្រូបង្រៀន ។
សូមបញ្ជាក់ថា យុវតី ភាព ស្រីណាក់ មកពីវិទ្យាល័យ ហ៊ុន សែន វាលរេញ នៃខេត្តព្រះសីហនុ បានទទួលចំណាត់ថ្នាក់និទ្ទេស A លំដាប់ពិន្ទុ ៩៩.២២៧ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២៕