ព័ត៌មានជាតិ

«ដំណើរភាពយន្តចល័យចិនខ្មែរ ដ៏ឆ្នើម» លើកទី៦ បានធ្វើដំណើរទៅដល់ទីរួមខេត្តបាត់ដំបង ដោយមានសាធារណជនប្រមាណ ៣០០នាក់ ចូលរួមទស្សនា

មានសាធារណជនប្រមាណ ៣០០នាក់ បានចូលរួមទស្សនាខ្សែភាពយន្តចល័តចិន និងភាពយន្តខ្មែរ ដែលត្រូវបានចាក់បញ្ចាំង នៅទីរួមខេត្តបាត់ដំបង កាលពីរាត្រីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។

លោក គឹម សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្តបាត់ដំបង លោកស្រី កែវ សោភា អនុប្រធានការិយាល័យភាពយន្ត ក៏បានចូលរួមទស្សនាខ្សែភាពយន្តផងដែរ ដោយមានការចាក់បញ្ជាំងភាពយន្តខ្មែរមួយរឿង និងភាពយន្តចិនមួយរឿង។ ភាពយន្តចិនមានចំណងជើងថា ឆ្លងកាត់ទន្លេយ៉ាលូ និង ភាពយន្តខ្មែរ រឿង «ប្តីល្អ»។

លោក គឹម សោភ័ណ្ឌ បានបង្ហាញពីការគាំទ្រទំហឹង ចំពោះដំណើរភាពយន្តចល័ត ចិន-កម្ពុជា លើកទី៦នេះ ហើយលោកសង្ឃឹមថា ការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជានិងចិន តាមរយៈខ្សែភាពយន្តនេះនឹង កាន់តែល្អប្រសើរថែមទៀត ខណៈដែលការផ្លាស់ប្តូរវប្បធម៌ រវាងចិននិងកម្ពុជា មានជាយូរមកហើយ។ លោកថា លោកបានជូនដំណឹងអំពី ការចាក់បញ្ចាំងភាពយន្តនេះ ទៅដល់អាជ្ញាធរមូលដ្ឋាន ដើម្បីអញ្ជើញសាធារណជន មកចូលរួមទស្សនាឲ្យបានច្រើន។

«ប្រពៃណីវប្បធម៌រវាងជនជាតិចិន និងជនជាតិខ្មែរ មានទំនាក់ទំនងយូរហើយ តាំងពីសតវត្សរ៍ទី២ ទី៣ ដូចឃើញរូបឆ្លាស់នៅអង្គរវត្ត ជាដើម ប្រពៃណីទំនៀបទម្លាប់ចិនជ្រាបចូលមកជនជាតិខ្មែរ ច្រើន ដែលមានភាពដូចគ្នាខ្លះ ខាងប្រពៃណី… ខ្ញុំគិតថាការផ្លាស់ប្តូរវប្បធម៌គ្នានេះគឺល្អ ធ្វើឲ្យយើងយល់គ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃភាពសុខដុមរមនា ភាពរីកចម្រើន ភាពសន្តិភាព»។

លោកប្រធានមន្ទីររូបនេះក៏បានបញ្ជាក់ដែរថា ខេត្តបាត់ដំបងក៏មានការចុះអនុស្សរណៈ យោគយល់គ្នាជាមួយខេត្ត នៅប្រទេសចិនដែរ ហើយលោកក៏មានបំណងចង់ឲ្យ មានការយកសិល្បៈចិន មកសម្តែងនៅខេត្តបាត់ដំបង និងសិល្បៈតំណាងខេត្តបាត់ដំបងទៅសម្តែងនៅខេត្ត ក្នុងប្រទេសចិនដែរ។

គួរបញ្ជាក់ថា ការចាក់បញ្ចាំងភាពយន្តចល័ត ក្នុងខេត្តបាត់ដំបង កាលពីយប់មិញនេះ គឺនៅទីតាំង សួនច្បារ មុខផ្សាណាត់ ហើយគ្រោងបន្តចាក់បញ្ចាំង នៅទីតាំងមួយទៀត ក្នុងខេត្តនេះផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័យចិនខ្មែរ ដ៏ឆ្នើម» លើកទី៦ ដំណើរការទៅបាន ក្រោមកិច្ចសហប្រតិបត្តិការ រវាងស្ថានទូតចិនប្រចាំកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងវិទ្យុមិត្តភាពកម្ពុជាចិន៕ (ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top