ព័ត៌មានជាតិ

សោកស្ដាយ! សត្វផ្សោតញី មួយក្បាលទៀតងាប់ នៅខេត្តក្រចេះ

ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ សត្វផ្សោត ដែលមានសុខភាពល្អ មួយក្បាលទៀត បានងាប់​អណ្តែត នៅតំបន់ក្បែរកោះទ្រង់ ចម្ងាយប្រមាណ១០គីឡូម៉ែត្រ ប៉ែកខាងក្រោមអន្លង់កាំពី ខេត្តក្រចេះ ។

បើយោងតាម អង្គការ WWF បានឱ្យដឹងថា ក្រោយការពិនិត្យសាកសព សត្វផ្សោតយ៉ាងល្អិតល្អន់ ក្រុមអ្នកជំនាញស្រាវជ្រាវ នៃខណ្ឌរដ្ឋបាលជលផល ខេត្តក្រចេះ និងអង្គការ WWF បានសន្និដ្ឋានជាបឋមថា សត្វផ្សោតមួយក្បាលនេះ បានងាប់ក្រោយពីបានរមួលខ្លួន ជាប់នឹងសន្ទូចរនង ដោយក្រុមស្រាវជ្រាវ បានរកឃើញស្នាមសន្ទូចរនង ជាច្រើនពេញដងខ្លួន និងកន្ទុយរបស់វា។

សត្វផ្សោត ដែលបានងាប់នេះ ជាសត្វផ្សោតញី ពេញវ័យមានប្រវែង ១៩៦សង់ទីម៉ែត្រ អាយុចន្លោះពី ៧ទៅ១០ ឆ្នាំ និងមានទម្ងន់ ប្រហែល៩៣គីឡូក្រាម។ សត្វផ្សោតនេះ ជាសត្វផ្សោត ដែលមានសុខភាពល្អទីបី ហើយដែលបានងាប់ ក្នុងចន្លោះរយៈពេលត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ ដែលវាជាការប្រកាសអាសន្ន មួយតម្រូវឲ្យមានវិធានការខ្លាំងក្លាឡើង សម្រាប់ពង្រឹងការអនុវត្តច្បាប់ ជាបន្ទាន់នៅក្នុងតំបន់ជម្រកសត្វផ្សោត ។

សត្វផ្សោតសរុបចំនួន ១១ក្បាល ហើយបានងាប់នៅក្នុងឆ្នាំ ២០២២ នេះ (គិតត្រឹមថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២) រីឯសត្វផ្សោតដែលបានងាប់ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ មានចំនួន សរុប ២៩ ក្បាល។ អង្គការ WWF-កម្ពុជា សូមអំពាវនាវជាថ្មីម្តងទៀត ដល់អាជ្ញាធរទទួល ខុសត្រូវទាំងអស់ សូមមេត្តាប្រមូលផ្តុំ និងពង្រឹងកំលាំង សម្រាប់ការអនុវត្តច្បាប់ជាបន្ទាន់ ក្នុងការបង្កើនការល្បាតទាំងពេលថ្ងៃ និងពេលយប់ ដើម្បីការពារសត្វផ្សោត ដែលនៅសេសសល់ឲ្យជៀសផុត ពីការងាប់ដោយសារការនេសាទ ខុសច្បាប់ ក្នុងតំបន់អភិរក្សសត្វផ្សោត ។

លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានមានប្រសាសន៍ថា ៖ «ការកើនឡើង នៃសកម្មភាពនេសាទខុសច្បាប់ នៅក្នុងតំបន់អភិរក្ស សត្វផ្សោតនាពេលថ្មីៗនេះ នឹងបណ្តាលឱ្យសត្វផ្សោត ទន្លេមេគង្គឈានទៅផុតពូជ ប្រសិនបើគ្មានវិធានការ បន្ទាន់ដើម្បីបញ្ឈប់សកម្មភាព ខុសច្បាប់ទាំងនេះទេ ។» សោកនាដកម្ម ដែលគួរអាចបញ្ចៀស បាននៃការស្លាប់ របស់សត្វផ្សោតវ័យបន្តពូជ ទាំងបីក្បាល ជាបន្តបន្ទាប់ ក្នុងរយៈពេលមិនដល់១០ ថ្ងៃ ផងនេះ ជាសារយ៉ាងច្បាស់មួយ ដល់អាជ្ញាធរទទួលខុសត្រូវ គ្រប់លំដាប់ថ្នាក់ថា នេះជាពេលចាំបាច់បំផុតហើយ ដើម្បីបង្កើនវត្តមានមន្ត្រី សម្រាប់ការពង្រឹងការអនុវត្តច្បាប់ នៅក្នុងជម្រកសត្វផ្សោត សំខាន់ៗទាំងអស់» ។
លោកបានបន្ថែមថា៖ «មិនមានជម្រើសផ្សេងទៀតទេ ក្រៅពីការអនុវត្តច្បាប់ ដោយតឹងរ៉ឹង ជាបន្ទាន់ ដើម្បីបញ្ឈប់ទាំងស្រុង នូវសកម្មភាពខុសច្បាប់ គ្រប់ទម្រង់នៅក្នុងតំបន់ ដែលសត្វផ្សោតរស់នៅ» ។

លោក សេង ទៀក បានទទូចបន្ថែមថា៖ «ដើម្បីបញ្ឈប់សកម្មភាពទាំងនេះ មន្ត្រីឆ្មាំទន្លេ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ ត្រូវមានវត្តមានរយៈពេល ២៤ ម៉ោងមួយថ្ងៃ ក្នុងសប្តាហ៍នីមួយៗ ដោយទៀងទាត់ ដោយចុះល្បាតទាំងថ្ងៃទាំងយប់ នៅក្នុងតំបន់សត្វផ្សោត» ។

បន្ថែមពីលើការល្បាតនេះ ត្រូវតែមានការដាក់ពិន័យឲ្យធ្ងន់ធ្ងរ ដល់ជនល្មើស ដែលបានប្រព្រឹត្តការនេសាទខុសច្បាប់ ឬបទល្មើសនេសាទផ្សេងៗទៀត នៅក្នុងតំបន់អភិរក្សសត្វផ្សោត សម្រាប់ជាការកំញើញដល់អ្នកនេសាទ ដទៃទៀតឲ្យបញ្ឈប់ការប្រព្រឹត្តសកម្មភាព ខុសច្បាប់ទាំងនេះ។
រដូវប្រាំងចាប់ពីខែធ្នូដល់ខែឧសភា គឺជាអំឡុងពេលមួយដ៏ចាំបាច់ត្រូវមានការផ្តោតការ យកចិត្តទុកដាក់ការពារ។ នៅពេលទឹកស្រក សត្វផ្សោត និងត្រីមកប្រមូលផ្តុំគ្នារស់នៅ និងចេញរកស៊ី នៅក្នុងតំបន់អន្លង់ទឹកជ្រៅ នៃតំបន់អភិរក្សសត្វផ្សោត។

ហេតុដូចនេះហើយទើបធ្វើឱ្យពួកវា ងាយរងគ្រោះយ៉ាងខ្លាំង ដោយការនេសាទខុសច្បាប់។ គឺក្នុងអំឡុងពេលនេះ ហើយជាពេលដែលត្រូវបង្កើន ការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង ។

លោក សេង ទៀក បានសង្កត់ធ្ងន់ទៀតថា៖ «ប្រសិនបើស្ថានភាព វិបត្តិនេះនៅតែបន្តកើតឡើងទៀត ចំនួនសត្វផ្សោតអាចប្រឈម នឹងការបាត់បង់ទាំងស្រុង នាពេលខាងមុខនេះមិនខាន» ៕

To Top