ព័ត៌មានជាតិ

ដំណើរភាពយន្តចល័តចិនខ្មែរ ដ៏ឆ្នើម លើកទី៦ នៅក្រុងពោធិ៍សាត់ ទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់

ភាពយន្តចិននិងខ្មែរចំនួន ៣រឿងត្រូវបានចាក់បញ្ចាំង ជូនសាធារណជន នៅក្នុងខេត្តពោធិ៍សាត់ កាលពីរាត្រីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ដោយមានអ្នកចូលរួមទស្សនា ជាង៦០០នាក់ ខណៈទីតាំងចាក់បញ្ចាំងស្ថិតនៅសួន ក្បែរស្ទឹងពោធិ៍សាត់។

លោក ឡាច  ផេងលី  ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន បង្ហាញពីការគាំទ្រពេញទំហឹង ចំពោះព្រឹត្តិការណ៍នេះ។ ក្រៅពីការគាំទ្រ លោកក៏សង្ឃឹមថា កម្មវិធីនេះនឹងមានបន្តទៀត ក្នុងខេត្ត ព្រោះលោកសង្កេតឃើញថា ប្រជាពលរដ្ឋចាប់អារម្មណ៍យ៉ាងខ្លាំង លើការចាក់បញ្ចាំងភាពយន្តចិន ជាមួយនឹងការរីករាយទស្សនា និងថែមទាំងចង់ដឹងពីការ ផ្សព្វផ្សាយវប្បធម៌របស់ចិន។

«ខ្ញុំចាប់អារម្មណ៍ថា មិត្តភាពកម្ពុជាចិន ត្រូវបានរាជរដ្ឋាភិបាលកំណត់ថា ជាមិត្តភាពអមតៈ ហើយការផ្លាស់ប្តូរវប្បធម៌រវាង ប្រទេសទាំងពីរគួរតែមានបន្តទៀត តាមរយៈភាពយន្តហ្នឹង»។ លោកប្រធានមន្ទីរក៏បានកោតសរសើរ និងអរគុណដល់ក្រុមការងារ ដំណើរភាពយន្តចល័តចិនខ្មែរ ដែលបានខិតខំរៀបចំកម្មវិធីតាំងពីព្រឹក រហូតដល់ ការចាក់បញ្ចាំង ទទួលបានជោគជ័យ នាពេលរាត្រី។

តំណាងឲ្យអភិបាលខេត្តពោធិ៍សាត់ និងក្រុមប្រឹក្សាក្រុងពោធិ៍សាត់ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល លោក ចាប  នាង អភិបាលក្រុងពោធិ៍សាត់ មានការចាប់អារម្មណ៍ខ្លាំង ចំពោះការរៀបចំព្រឹត្តិការណ៍នេះ ពោលគឺតាមរយៈការចាក់បញ្ចាំងភាពយន្ត បង្ហាញពីវប្បធម៌រវាងប្រទេសកម្ពុជានិងចិន នៅក្នុងក្រុងពោធិ៍សាត់ ហើយប្រជាពលរដ្ឋបានអញ្ជើញ មកទស្សនាយ៉ាងច្រើនកុះករ។ លោកថា លោកគាំទ្រកម្មវិធីបែបនេះ និងសង្ឃឹមថា បន្តឲ្យមាននៅលើកក្រោយៗទៀត ដើម្បីផ្លាស់ប្តូរវប្បធម៌រវាងប្រទេស ទាំងពីរកាន់តែល្អប្រសើរ។ លោកថា រដ្ឋបាលក្រុងបានរៀបចំកងកម្លាំង ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាបានសន្តិសុខ សុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ និងក្រុមការងារចាក់បញ្ចាំង។

«ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ ជាយុទ្ធសាស្ត្រគឺពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជានិងចិន មានកាន់តែមានភាពរឹងថែមទៀត ក្នុងនាមរដ្ឋបាលក្រុងពោធិ៍សាត់ គឺមានការអរគុណដល់ក្រុមការងារ ភាពយន្តចល័តចិនកម្ពុជានេះ ឃើញថា ល្អប្រសើរក្នុងទឹកដីខេត្តពោធិ៍សាត់នេះ»។

រីឯលោក តាំង គា ដែលជាកសិករមួយរូប ទោះបីជាពិការជើងម្ខាំងក៏ដោយ ក៏បានឆ្លៀតមកចូលរួមទស្សនាភាពយន្តដែរ ព្រោះលោកចូលចិត្តមើលភាពយន្តចិនណាស់ ជាពិសេស នៅថ្ងៃនេះបានទស្សនា ហើយលោកបានប្រាប់ថា លោកចាប់អារម្មណ៍ភាពយន្ត ក្រោមចំណងជើងថា ដំណើរនៃប្រាក់ ដែលមានទាំងកំប្លែងផង និងអប់រំផង ដែលធ្វើឲ្យលោកជក់ចិត្តក្នុងការទស្សនា។

ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័យចិនខ្មែរ ដ៏ឆ្នើម» លើកទី៦ ដំណើរការទៅបាន ក្រោមកិច្ចសហប្រតិបត្តិការ រវាងស្ថានទូតចិនប្រចាំកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងវិទ្យុមិត្តភាពកម្ពុជាចិន៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top