ភ្នំពេញ ៖ អង្គការ WWF ប្រចាំកម្ពុជា បានឱ្យដឹងពីបច្ចុប្បន្នភាព នៃការប្រកាសអាសន្នអំពីការងាប់ ជាបន្តបន្ទាប់ របស់សត្វផ្សោត ទន្លេមេគង្គនៅកម្ពុជា ខណៈឆ្នាំ២០២២ មានសត្វផ្សោតចំនួន ១១ក្បាល បានងាប់ ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ អង្គការ WWF ប្រចាំកម្ពុជា នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងបន្ថែមថា កាលពីថ្ងៃទី២៤ ធ្នូ សត្វផ្សោត ដែលមានសុខភាពល្អ មួយក្បាលទៀត បានងាប់អណ្តែតនៅតំបន់ក្បែរកោះទ្រង់ ចម្ងាយប្រមាណ ១០គីឡូម៉ែត្រ ប៉ែកខាងក្រោមអន្លង់កាំពី ខេត្តក្រចេះ ។ ក្រោយការពិនិត្យសាកសព សត្វផ្សោតយ៉ាងល្អិតល្អន់ ក្រុមអ្នកជំនាញស្រាវជ្រាវ នៃខណ្ឌរដ្ឋបាលជលផល ខេត្តក្រចេះ និងអង្គការ WWF បានសន្និដ្ឋានជាបឋមថា សត្វផ្សោតមួយក្បាលនេះ បានងាប់ក្រោយពី បានរមួលខ្លួនជាប់ នឹងសន្ទូចរនង ដោយក្រុមស្រាវជ្រាវ បានរកឃើញស្នាម សន្ទូចរនងជាច្រើនពេញដងខ្លួន និងកន្ទុយរបស់វា ។
សត្វផ្សោតនេះជាសត្វផ្សោត ដែលមានសុខភាពល្អទីបីហើយ ដែលបានងាប់ ក្នុងចន្លោះរយៈពេលត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ ដែលវាជាការប្រកាសអាសន្ន មួយតម្រូវឲ្យមានវិធានការខ្លាំងក្លាឡើង សម្រាប់ពង្រឹងការអនុវត្តច្បាប់ ជាបន្ទាន់នៅក្នុងតំបន់ ជម្រកសត្វផ្សោត។
អង្គការ WWF បានបញ្ជាក់ថា «សត្វផ្សោតសរុបចំនួន ១១ក្បាល ហើយបានស្លាប់នៅក្នុងឆ្នាំ ២០២២ នេះ (គិតត្រឹមថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២) រីឯសត្វផ្សោត ដែលបានស្លាប់ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ មានចំនួនសរុប ២៩ ក្បាល។ អង្គការ WWF-កម្ពុជា សូមអំពាវនាវជាថ្មី ម្តងទៀត ដល់អាជ្ញាធរទទួលខុសត្រូវទាំងអស់ សូមមេត្តាប្រមូលផ្តុំ និងពង្រឹងកំលាំងសម្រាប់ការ អនុវត្តច្បាប់ជាបន្ទាន់ក្នុងការបង្កើន ការល្បាតទាំងពេលថ្ងៃ និងពេលយប់ ដើម្បីការពារ សត្វផ្សោតដែល នៅសេសសល់ឲ្យជៀសផុត ពីការស្លាប់ដោយសារ ការនេសាទខុសច្បាប់ក្នុងតំបន់អភិរក្សសត្វផ្សោត» ។
លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានមានប្រសាសន៍ថា «ការកើនឡើង នៃសកម្មភាពនេសាទ ខុសច្បាប់ នៅក្នុងតំបន់អភិរក្សសត្វផ្សោត នាពេលថ្មីៗនេះ នឹងបណ្តាលឱ្យសត្វផ្សោតទន្លេមេគង្គឈានទៅផុតពូជ ប្រសិនបើគ្មានវិធានការបន្ទាន់ ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះទេ។ សោកនាដកម្មដែលគួរអាចបញ្ចៀសបាននៃការស្លាប់របស់សត្វផ្សោតវ័យបន្តពូជទាំងបីក្បាល ជាបន្តបន្ទាប់ក្នុងរយៈ ពេលមិនដល់១០ ថ្ងៃ ផងនេះ ជាសារយ៉ាងច្បាស់មួយ ដល់អាជ្ញាធរទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ថា នេះជាពេលចាំបាច់បំផុតហើយ ដើម្បីបង្កើន វត្តមានមន្ត្រី សម្រាប់ការពង្រឹងការអនុវត្តច្បាប់ នៅក្នុងជម្រកសត្វផ្សោតសំខាន់ៗទាំងអស់» ។
លោក បានបន្ថែមថា មិនមានជម្រើសផ្សេងទៀតទេ ក្រៅពីការអនុវត្តច្បាប់ ដោយតឹងរ៉ឹង ជាបន្ទាន់ ដើម្បីបញ្ឈប់ទាំងស្រុង នូវសកម្មភាពខុសច្បាប់ គ្រប់ទម្រង់នៅក្នុងតំបន់ ដែលសត្វផ្សោតរស់នៅ ។ ដើម្បីបញ្ឈប់សកម្មភាពទាំងនេះ មន្ត្រីឆ្មាំទន្លេ និងមន្ត្រីអនុវត្តច្បាប់ពាក់ ព័ន្ធទាំងអស់ត្រូវមានវត្តមាន រយៈពេល ២៤ ម៉ោងមួយថ្ងៃ ក្នុងសប្តាហ៍នីមួយៗ ដោយទៀងទាត់ ដោយចុះល្បាតទាំងថ្ងៃទាំងយប់ នៅក្នុងតំបន់សត្វផ្សោត ។ បន្ថែមពីលើការល្បាតនេះ ត្រូវតែមានការដាក់ពិន័យឲ្យធ្ងន់ធ្ងរដល់ជនល្មើសដែលបានប្រព្រឹត្តការនេសាទខុសច្បាប់ ឬបទល្មើសនេសាទផ្សេងៗទៀត នៅក្នុងតំបន់អភិរក្សសត្វផ្សោត សម្រាប់ជាការកំញើញ ដល់អ្នកនេសាទដទៃទៀត ឲ្យបញ្ឈប់ការប្រព្រឹត្តសកម្មភាពខុសច្បាប់ទាំងនេះ។
សូមរំលឹកថា រដូវប្រាំងចាប់ពីខែធ្នូ ដល់ខែឧសភា គឺជាអំឡុងពេលមួយដ៏ចាំបាច់ ត្រូវមានការផ្តោតការយកចិត្តទុក ដាក់ការពារ ។ នៅពេលទឹកស្រក សត្វផ្សោត និងត្រីមកប្រមូលផ្តុំគ្នា រស់នៅ និងចេញរកស៊ីនៅក្នុងតំបន់អន្លង់ទឹកជ្រៅ នៃតំបន់អភិរក្សសត្វផ្សោត ។ ហេតុដូចនេះហើយ ទើបធ្វើឱ្យពួកវាងាយរងគ្រោះយ៉ាងខ្លាំង ដោយការនេសាទខុសច្បាប់ ។ គឺក្នុងអំឡុងពេលនេះហើយជាពេល ដែលត្រូវបង្កើនការអនុវត្តច្បាប់ ឲ្យបានតឹងរ៉ឹង៕