ព័ត៌មានជាតិ

សម្ដេច​ ស ខេង៖​ ខ្លួនធ្វើប៉ូលិស បែរជាជក់គ្រឿងញៀន គឺបង្កហានិភ័យធំណាស់

កណ្ដាល៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា បើខ្លួនធ្វើប៉ូលិសបែរជាជក់គ្រឿងញៀន គឺបង្កហានិភ័យធំណាស់ ខណៈតួនាទីនគបាល គឺថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។

ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា មកដល់ពេលនេះ ការធ្វើកំណែទម្រង់នគបាលបានធ្វើជាបន្តបន្ទាប់ ដោយយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួង ក៏ដូចជាអង្គភាពប្រើប្រាស់កម្លាំង ជាពិសេសនោះអង្គភាពបានបណ្តុះបណ្តាល។

សម្ដេចក្រឡាហោម បញ្ជាក់ថា «បើខ្លួនធ្វើប៉ូលិស ខ្លួនបែរជាញៀនគ្រឿងញៀន គឺបង្កនូវហានិភ័យធំណាស់រួចហើយ បង្កើតនូវបញ្ហាផ្សេងទៀត។ យើងដឹងហើយតួនាទីនគរបាល គឺដើម្បីថែមរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងនោះរួមទាំងគ្រឿងញៀន»។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា ចំពោះការផ្ទេរមន្ត្រីនគរបាលប៉ុស្តិ៍ក្រសួងមហាផ្ទៃ មិនអនុញ្ញាតឲ្យផ្ទេរនោះទេ។ ប៉ុន្តែក្នុងករណីចាំបាច់មានការ អនុញ្ញាតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ដូចជាការផ្ទេរនៅថ្នាក់ស្រុក ឬខេត្ត ដែលនគបាល ឬប៉ូលិសនោះធ្វើការមានស្នាដៃល្អ។

សម្តេចក្រឡាហោម បន្ថែមថា​ ការដាក់ចេញវិធានការនេះ គឺជាវិធានការចុងក្រោយ ដែលក្រសួងបាននិងកំពុងធ្វើទាក់ទង និងការជ្រើសរើសនឹងបំពេញកំលាំង នគបាលនៅតាមប៉ុស្តិ៍មានកំលាំងគ្រប់គ្រាន់ បានសិក្សារៀនសូត្រមានសមត្ថភាព និងអនុវត្តន៍តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព នៅក្នុងឃុំសង្កាត់ខ្លួនទទួលបានជោគជ័យ៕

To Top