ព័ត៌មានជាតិ

ទីតាំងល្បែងអនឡាញ នៅស្រុកស្វាយជ្រំ ត្រូវបានសមត្ថកិច្ច ចុះធ្វើកិច្ចសន្យា ឲ្យម្ចាស់ផ្ទះ ឲ្យបញ្ឈប់ជាបន្ទាន់

ស្វាយរៀង ៖ លោកសោម សុភ័ណ្ឌ អធិការនគរបាល ស្រុកស្វាយជ្រំ បានឱ្យដឹងនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះថា បើមានករណី លួចបើកល្បែងស៊ីសងខុសច្បាប់ តាមមូលដ្ឋានភូមិ-ឃុំ សូមប្រជាពលរដ្ឋរាយការណ៍ ជាបន្ទាន់ជូនអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ដើម្បីធ្វើការបង្ក្រាប ឱ្យបានទាន់ពេលវេលា ។

លោកបន្តថា ដោយទទួលបានព័ត៌មានថា មានករណីលេង ល្បែងជួលមាន់ អនឡាញតាមលេបថបនៅភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ គណៈបញ្ជាការ ឯកភាព រដ្ឋបាលស្រុកស្វាយជ្រំ បានចាត់ក្រុមការងារ ចុះពិនិត្យ ស្រាវជ្រាវដល់ទីតាំងផ្ទះរបស់ឈ្មោះ ទេព សុផល ភេទប្រុស អាយុ៣៧ឆ្នាំ ជាម្ចាស់ទីតាំង ដោយធ្វើកិច្ចសន្យាមិនឲ្យមានការ ជួលទីតាំងឲ្យក្រុមហ៊ុន អនឡាញខុសច្បាប់ និងមិនឱ្យបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនោះឡើយ។

លោកអធិការបន្ថែមថា ក្នុងករណីម្ចាស់ទីតាំង នៅរឹងទទឹងមិនអនុវត្ត តាមការណែនាំ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នឹងចាត់វិធានការតាមផ្លូវច្បាប់ ។ ហើយរយៈកាលកន្លងមក អធិការដ្ឋាន នគរបាលស្រុកបានចាត់ វិធានការយ៉ាងម៉ឺងម៉ាត់ជាទីបំផុត មិនឱ្យមានការបើកល្បែង ស៊ីសងខុសច្បាគ្រប់ប្រភេទ នៅក្នុងស្រុកស្វាយជ្រំឡើយ៕

To Top