ភ្នំពេញ៖ លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សេចក្ដីព្រាងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី បានពិភាក្សាស្ទើរចប់សព្វគ្រប់ ហើយច្បាប់នេះ កែសម្រួលឱ្យសមស្របតាមស្ថានភាពសង្គម។
លោក ហ៊ាង សុទ្ធាយុត្តិ ដែលបានចូលរួមក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅទីស្ដីការក្រសួង បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា «សេចក្តីព្រាងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី កំពុងត្រូវបានពិភាក្សា ស្ទើរចប់សព្វគ្រប់ទាំងស្រុង ដែលច្បាប់នេះ ត្រូវបានកែសម្រួលឱ្យសមស្រប ទៅតាមស្ថានភាពសង្គម ដែលមានការរីកចម្រើន និងកត្តាប្រឈមនានា»។
លោកអគ្គនាយក ក៏បានបន្ដថា បទដ្ឋានគតិយុត្តមួយចំនួន ក៏នឹងត្រូវបានកែសម្រួល ខណៈមួយចំនួនទៀត នឹងត្រូវតាក់តែឡើងថ្មី ដើម្បីធានាអនុលោមភាពនៃច្បាប់ និងការគ្រប់គ្រងឱ្យបាន ដើម្បីសុវត្ថិភាពការធ្វើដំណើរ របស់ប្រជាពលរដ្ឋតាមដងផ្លូវ។
សូមរំលឹកថា ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្តេច ស ខេង បានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទទាំង អស់ធ្វើតេស្តរកសារធាតុញៀន ប៉ុន្តែមិនទាន់កំណត់ថានឹងត្រូវធ្វើតេស្ត ប៉ុន្មានដងក្នុងរយៈពេលមួយឆ្នាំ។
សម្ដេច បន្ដថា ការធ្វើតេស្តរកសារធាតុញៀន ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់ សារធាតុញៀន និងដើម្បីកាត់បន្ថយការ គ្រោះថ្នាក់ចរាចណ៍នៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ខណៈបញ្ហាគ្រឿងញៀន និងបញ្ហាចរាចណ៍នេះបានកំពុងមាន កង្វល់យ៉ាងខ្លាំងនៅកម្ពុជានេះ ៕