ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានលើកឡើងថា សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី នឹងបញ្ជូនទៅគណៈរដ្ឋមន្រ្តី នាដំណាច់ឆ្នាំ២០២២នេះ ខណៈច្បាប់នេះ នឹងបន្តបញ្ជូនទៅដល់ដៃស្ថាប័នសភា នាត្រីមាសទី១ ឆ្នាំ២០២៣ ខាងមុខ។
នាឱកាសអញ្ជើញដឹកនាំ កិច្ចប្រជុំឆ្លងសេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ថ្មី នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្ដេច ស ខេង មានប្រសាសន៍ថា «សេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ថ្មី នេះ មានភាពគ្រប់ជ្រុងជ្រោយ ជាងច្បាប់ចាស់កន្លងទៅ ហើយសង្ឃឹមថា សេចក្ដីព្រាងច្បាប់នេះនឹងត្រូវបាន បញ្ជូនទៅគណៈរដ្ឋមន្រ្តីនាដំណាច់ ឆ្នាំ២០២២នេះ ហើយក៏សង្ឃឹមថា ច្បាប់នេះ នឹងបន្តបញ្ជូនទៅដល់ដៃ ស្ថាប័នសភានាត្រីមាសទី១ ឆ្នាំ២០២៣ដែរ»។
សូមរំលឹកថា សេចក្ដីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានតាក់តែងឡើងដោយកែសម្រួល ខ្លឹមសារមាត្រាច្បាប់ចាស់ចំនួន ៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀត ដើម្បីឱ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍ ផ្លូវថ្នល់ រួមមានដូចជា ការពង្រីកផ្លូវ ការកសាងផ្លូវល្បឿនលឿន និងចង់បង្កើនប្រសិទ្ធភាព កាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងទប់ស្កាត់ការបើកបរមានសារធាតុញៀន ៕