ភ្នំពេញ ៖ លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវបានដោះលែង ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ពីសំណាក់តុលាការសហរដ្ឋអាមេរិក ។ នេះបើតាមការផ្សាយ របស់ក្រសួងកសិកម្ម ។
លោកត្រូវបានដោះលែង ជាបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ ត្រូវនឹងល្ងាចថ្ងៃទី២៧ ខែធ្នូ ម៉ោងនៅសហរដ្ឋអាមេរិក ។ ការដោះលែងលោក គ្រី ម៉ះផល បន្ទាប់ពីបានឆ្លងកាត់ការតស៊ូតាមផ្លូវច្បាប់ដ៏ស្វិតស្វាញ ដោយមានមេធាវីអាមេរិកចំនួន២រូប ជួយការពារក្តី នៅតុលាការអាមេរិក តាមរយៈការផ្តល់ការជួយជ្រោមជ្រែងចាំបាច់ និងទាន់ពេលវេលា ពីស្ថានទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ក្រសួងការបរទេសខ្មែរ និងរាជរដ្ឋាភិបាលកម្ពុជា ។
ការធានាបាននូវយុត្តិធម៌សម្រាប់មន្ត្រីកម្ពុជាទាំងអស់ រួមទាំងលោក គ្រី ម៉ះផល ដែលជួបបញ្ហាក្នុងពេលបំពេញបេសកកម្មនៅបរទេសដេីម្បីផលប្រយោជន៍ជាតិ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។
នេះគឺជាជំហានដ៏វិជ្ជមានមួយដែលទេីបសម្រេចបាន និងជាដំណឹងដ៏រីករាយ សម្រាប់លោកម៉ះផល និងក្រុមគ្រួសារ ជាពិសេសកូនៗរបស់លោក ក្រោយពីបែកគ្នា និងខកខានមិនបានទាក់ទងគ្នា ជាងមួយខែកន្លងមក។
ករណីលោកម៉ះផលនឹងត្រូវឆ្លងកាត់នីតិវិធីតាមផ្លូវតុលាការ ជាបន្តបន្ទាប់ទៀតនៅសហរដ្ឋអាមេរិក។ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តផ្តល់ជំនួយផ្លូវច្បាប់ និងការគាំទ្រចាំបាច់ដល់លោកម៉ះផល រហូតសំណុំរឿងនេះឈានដល់ទីបញ្ចប់ ដេីម្បីស្វែងរកយុត្តិធម៌ជូនលោក។
សូមបញ្ជាក់ថា កាលពីថ្ងៃ១៨ វិច្ឆិកា ការិយាល័យមេធាវី សហរដ្ឋអាមេរិកប្រចាំតំបន់ភាគខាងត្បូងនៃរដ្ឋហ្លរីដា ប្រកាសថា លោក គ្រី ម៉ះផល ត្រូវបានចាប់ខ្លួនកាលពីថ្ងៃ១៧ វិច្ឆិកានៅឯអាកាសយានដ្ឋានអន្តរមួយ នៅសហរដ្ឋអាមេរិក ទាក់ទងនឹងការចោទ ប្រកាន់ពីបទរត់ពន្ធសត្វស្វាក្តាមខុសច្បាប់ ៕