ភ្នំពេញ៖ ក្នុងបរិយាកាសដំបូង នៃជំនួបជាមួយ អ្នកលេងបណ្តាញសង្គម ចំនួន២៦រូប នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងដោយរំលេចនូវ យុទ្ធសាស្រ្ត និងភាពជោគជ័យ ៦ចំណុច ដែលជា ភាពលេចធ្លោនៃការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦។
យោងតាមគណនីហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ពីប្រវត្តិនៃការសាងសង់អគារសន្តិភាព ព្រមទាំងដំណើរការដឹកនាំកិច្ច ប្រជុំកំពូលអាស៊ាន និងអាស៊ីបូព៌ា នៅវិមានសន្តិភាពនេះកាលពីឆ្នាំ២០១២ ដែលកម្ពុជា ជាប្រធានអាស៊ាន។ ក្រៅពីការរំលឹកពីប្រវត្តិវិមានសន្តិភាពហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចពីភាពលេចធ្លោនៃការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦ ផងដែរ។ នេះបើតាមការលើកឡើងរបស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ។
លោក លោក អ៊ាង សុផល្លែត បញ្ជាក់ថា «ភាពលេចធ្លោ ដែលសម្តេចតេជោ បានមានប្រសាសន៍លើកឡើងរួមមាន៖
១-ការរក្សាបានសុខសន្តិភាព និងស្ថេរភាពនយោបាយ
២-ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ បានល្អប្រកបដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សា
៣-ការគ្រប់គ្រងជំងឺកូវីដ១៩ បានយ៉ាងល្អតាមរយៈវិធានសុខាភិបាល និងការចាក់ស្រោចវ៉ាក់សាំង តាមរយៈយុទ្ធសាស្ត្រផ្ការីក និងប្រភពផ្គត់ផ្គង់វ៉ាក់សាំង
៤-ការគ្រប់គ្រងសេដ្ឋកិច្ចបានល្អប្រសើរ ជម្នះនឹងវិបត្តិកូវីដ១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន
៥-ការអនុវត្តន៍នយោបាយការបរទេសឈរលើភាពឯករាជ្យ ផ្អែកលើច្បាប់អន្តរជាតិ
៦-ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ២០២២នេះ ប្រកបដោយភាពជោគជ័យ»។
បន្ទាប់ពីជំនួបសម្តែងការគួរសមហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញរៀបចំអាហារសាមគ្គី ជាមួយក្រុមអ្នកលេងបណ្តាញសង្គមទាំង២៦រូប ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង៕