ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ពន្លឺនៃយុត្តិធម៌ដែលទទួលបាន ពីដំណើរការកាត់ក្តីអស់រយៈកាល ១៦ឆ្នាំកន្លងមកនេះ ជាការបិទទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត របស់ប្រជាជនខ្មែរដែលជាជនរងគ្រោះ នៃរបបដ៏សាហាវយង់ឃ្នង ក៏ដូចជាសម្រាប់មនុស្សជាតិទាំងមូល ។
ក្នុងពិធីផ្ទេរ-ទទួលទីតាំងអតីតសាលាក្តីខ្មែរក្រហម មកក្រោមការគ្រប់គ្រងរបស់ បញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ក្នុងថ្ងៃនេះ មិនមានអត្ថន័យត្រឹមតែជាការផ្ទេរ-ទទួលអគារប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាព នៃការបិទបញ្ចប់ទាំងស្រុង នៃដំណើរការរបស់សាលាក្តីខ្មែរក្រហម ដោយប្រែក្លាយពីទីកន្លែងផ្តល់យុត្តិធម៌ ទៅជាទីកន្លែងសម្រាប់បន្តការងារការពារជាតិវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រគល់ មួយផ្នែកនៃទីតាំងយោធានេះ សម្រាប់បម្រើឱ្យដំណើរការកាត់ក្តីខ្មែរក្រហម ចាប់តាំងពីឆ្នាំ២០០៦មក ។
លោកឧត្ដមសេនីយ៍ឯកបន្តថា មួយវិញទៀត តុលាការនេះក៏បានផ្តល់ឱ្យពលរដ្ឋខ្មែរ ជាពិសេសអ្នកជំនាន់ក្រោយ នូវឱកាសបានដឹង និងបានឃើញជាក់ស្តែងនូវ ដំណើរការកាត់ក្តីមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុត ចំពោះឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្ត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីជាការអប់រំ និងការចងចាំអំពីសោកនាដកម្ម ដែលមិនត្រូវឱ្យកើតមានឡើង សាជាថ្មីម្តងទៀតឡើយទាំងនៅកម្ពុជា និងក្នុងពិភពលោកទាំងមូល។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះជោគជ័យ របស់សាលាក្តីខ្មែរក្រហម ដែលជាសមិទ្ធផលដ៏ត្រចះត្រចង់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមការងារដឹកនាំដោយសពសម្តេចវិបុលបញ្ញា សុខ អាន ក៏ដូចជាការចូលរួមរបស់ សហគមន៍អន្តរជាតិតាមរយៈ អង្គការសហប្រជាជាតិ ដោយធានាបានទាំងការ គោរពអធិបតេយ្យភាពជាតិ និងការធានាបាននូវស្តង់ដារយុត្តិធម៌អន្តរជាតិ។ លោកថា ទាំងនេះ គឺជាការចូលរួមចំណែកផ្តល់នូវ ឧត្តមប្រយោជន៍នៃយុត្តិធម៌ ដែលធានាដល់ការថែរក្សាសុខសន្តិភាព សាមគ្គីភាពជាតិ និងការជួសជុលសំណងផ្លូវចិត្ត មួយដ៏សំខាន់ចាំបាច់សម្រាប់ជនរងគ្រោះ និងក្រុមគ្រួសារ ក៏ដូចជាការរារាំងកុំឱ្យមានការកើតឡើងសាជាថ្មី នូវសោកនាដកម្មដ៏សែនឈឺចាប់ខ្លោចផ្សា ដែលកម្ពុជាធ្លាប់បានទទួលរងគ្រោះ ក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការកោតសរសើរ និងការអរគុណចំពោះគ្រប់តួអង្គ ដែលបានចូលរួមចំណែកនៅក្នុងបេសសកម្ម ដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រនេះ រួមមាន៖ ចៅក្រម, ព្រះរាជអាជ្ញា, មេធាវី, មន្ត្រីច្បាប់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលតុលាការទាំងអស់ទាំងខាងភាគីជាតិ និងភាគីអន្តរជាតិ ដែលបានខិតខំបំពេញតួនាទី និងភារកិច្ច ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ហើយជោគជ័យរបស់តុលាការខ្មែរក្រហម ក៏អាចត្រូវបានចាត់ទុកថា ជាជោគជ័យរួមសម្រាប់ទាំងអស់គ្នា ទាំងប្រជារាស្ត្រខ្មែរ, រាជរដ្ឋាភិបាល, អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិទាំងមូល ៕