ភ្នំពេញ៖ ដោយប្រើប្រាស់រយៈពេល ៣៩ម៉ោង គិតរហូតមកដល់ល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ កម្លាំងអាជ្ញាធរខេត្តមាន នគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ បានសម្រេចបិទបញ្ចប់ប្រតិបត្តិការរុករក ស្រាវជ្រាវរកជនរងគ្រោះដែលជាប់គាំង ក្នុងហេតុការណ៍ឆេះកាស៉ីណូហ្គេនដាយមិន នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ទាំងស្រុងហើយ។
យោងតាមកងពលតូចលេខ៧០បានឱ្យដឹងថា
ការបិទបញ្ចប់ប្រតិបត្តិការទាំងស្រុងនេះ កម្លាំងប្រតិបត្តិការបានរកឃើញអ្នកស្លាប់សរុបចំនួន២៦នាក់៖ ជនជាតិថៃចំនួន ១៧នាក់, នេប៉ាល់ចំនួន ០១នាក់, ម៉ាឡេស៉ីចំនួន ០១នាក់ និងមិនស្គាល់អត្តសញ្ញាណចំនួន ០៧នាក់ និងអ្នករបួសចំនួន ៥៧នាក់ ក្នុងនោះទាំងអ្នករបួស និងស្លាប់ មិនមានជនជាតិខ្មែរនោះទេ។
គួរជម្រាបថា ជនរងគ្រោះដែលនៅមានជីវិត ខ្លះត្រូវបានបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃ និងខ្លះទៀត បញ្ជូនទៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ នៅក្នុងប្រទេសកម្ពុជា។ បើតាមសេចក្ដីរាយការណ៍ អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ។
អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីហើយបានរីករាលដាលតែម្ដង។ ទីតាំងដែលឆេះនេះមានពីរអគារ ដោយក្នុងនោះឆេះផ្ដើមដំបូងចេញពីអគារហ្គេនដាយមិន និងរីករាលដាលទៅកាន់អគារប៉ោយប៉ែត រីសត៕