ព័ត៌មានជាតិ

សម្ដេចតេជោ ឱ្យអាជ្ញាធរខេត្តក្រចេះ និងស្ទឹងត្រែង យកចិត្តទុកដាក់អភិរក្សសត្វផ្សោត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំអាជ្ញាធរខេត្តក្រចេះ និងស្ទឹងត្រែង ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការអភិរក្សសត្វផ្សោត ដោយគ្មានការលើកលែងដល់ជនបំផ្លាញ​សម្បត្តិ​ធម្មជាតិ​។

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ នៅខេត្តក្រចេះ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំបន្ថែមដល់អាជ្ញាធរត្រូវបង្កើតតំបន់ស្នូលអចិន្ត្រៃយ៍ នៃការអភិរក្ស សត្វផ្សោតទៀតផងដែរ។ សម្ដេច ក៏បានសង្ឃឹមថា ប្រជាពលរដ្ឋ នឹងចូលរួមការអភិរក្សដោយមិនត្រូវធ្វើការ នេសាទនៅក្នុងតំបន់ដែលមានការហាមឃាត់នោះទេ។

សម្ដេចតេជោ បញ្ជាក់ថា «អភិបាលខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ត្រូវយកចិត្តទុកដាក់លើការអភិរក្សសត្វផ្សោត ដោយគ្មានការលើកលែង»។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានដាស់តឿនឱ្យអាជ្ញាធរខេត្តក្រចេះ និងខេត្តស្ទឹងត្រែងសហការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ធ្វើការបោះយុថ្កាទម្លាក់ពោងនៅតាមតំបន់ទន្លេហាមមិនឱ្យប្រជាជនចូលនេសាទ ដើម្បីការពារជីវិតសត្វផ្សោត និងត្រីដែលជិតផុតពូជ។

សូមរំលឹកថា អង្គការ WWF ប្រចាំកម្ពុជា នាពេលថ្មីៗនេះ បានឱ្យដឹងពីបច្ចុប្បន្នភាព នៃការប្រកាសអាសន្នអំពីការងាប់ ជាបន្តបន្ទាប់ របស់សត្វផ្សោត ទន្លេមេគង្គនៅកម្ពុជា ខណៈឆ្នាំ២០២២ មានសត្វផ្សោតចំនួន ១១ក្បាល បានងាប់ ។ អង្គការ WWF ក៏បានអំពាវនាវជាថ្មីម្តងទៀត ដល់អាជ្ញាធរទទួលខុសត្រូវទាំងអស់ សូមមេត្តាប្រមូលផ្តុំ និងពង្រឹងកំលាំងសម្រាប់ការ អនុវត្តច្បាប់ជាបន្ទាន់ក្នុងការបង្កើន ការល្បាតទាំងពេលថ្ងៃ និងពេលយប់ ដើម្បីការពារ សត្វផ្សោតដែល នៅសេសសល់ឲ្យជៀសផុត ពីការស្លាប់ដោយសារ ការនេសាទខុសច្បាប់ក្នុងតំបន់អភិរក្សសត្វផ្សោត៕

To Top