សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានឲ្យដឹងថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន កំពុងពិភាក្សាគ្នាអំពីសមយុទ្ធរួមដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងកម្មវិធីបរមាណូ និងមីស៊ីលដែលកំពុងកើនឡើងរបស់ប្រទេសកូរ៉េខាងជើង។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Chosun Ilbo ដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះ លោក Yoon បានឲ្យដឹងថា “ឆ័ត្រនុយក្លេអ៊ែរ” ដែលមានស្រាប់របស់ទីក្រុងវ៉ាស៊ីនតោន និង “ការរារាំងបន្ថែម” គឺមិនគ្រប់គ្រាន់ ដើម្បីធានាដល់ប្រជាជនកូរ៉េខាងត្បូងទៀតនោះទេ។
លោកបានសំដៅទៅលើសមត្ថភាពរបស់យោធាសហរដ្ឋអាមេរិក ជាពិសេសកម្លាំងនុយក្លេអ៊ែររបស់ខ្លួនក្នុងការរារាំងការវាយប្រហារមកលើសម្ព័ន្ធមិត្តរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន អាល់ហ្សាហ្ស៊ីរ៉ា។
លោកបានលើកឡើងថា “អ្វីដែលយើងហៅថាការទប់ស្កាត់បន្ថែម គឺសហរដ្ឋអាមេរិកក៏បានប្រាប់យើងកុំឱ្យព្រួយបារម្ភ ព្រោះវានឹងថែរក្សាអ្វីគ្រប់យ៉ាង ប៉ុន្តែឥឡូវនេះវាពិបាកក្នុងការបញ្ចុះបញ្ចូលប្រជាជនរបស់យើងដោយគ្រាន់តែថា រដ្ឋាភិបាលអាមេរិកក៏យល់ពីរឿងនោះក្នុងកម្រិតមួយដែរ”។
លោកបានបន្ដថា ដើម្បីឆ្លើយតបកាន់តែប្រសើរឡើងចំពោះការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ទីក្រុងសេអ៊ូល ចង់ចូលរួមក្នុងប្រតិបត្តិការនៃកងកម្លាំងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។
លោកបានបន្ថែមថា “អាវុធនុយក្លេអ៊ែរ ជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ប៉ុន្តែការធ្វើផែនការ ការចែករំលែកព័ត៌មាន សមយុទ្ធ និងការហ្វឹកហ្វឺនគួរតែធ្វើឡើងរួមគ្នាដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក” ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន ក៏មានភាពវិជ្ជមានផងដែរអំពីគំនិតនេះ៕