ព័ត៌មានជាតិ

តំណាងលោកបណ្ឌិត កៅ ថាច អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០២២-២០២៣ និងសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅវិទ្យាល័យបានដាវ

ភ្នំពេញ៖​ លោក ហ៊ុល ប៊ុនថា អនុប្រធានទទួលបន្ទុក ជួយប្រធានសម្របសម្រួល ក្រុមការងារចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្ដាល តំណាងលោកបណ្ឌិត កៅ ថាច ប្រធានក្រុមការងារ​ចលនាយុវជន​ របស់ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្ដាល និងលោក លី សារុន អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានឃុំបាក់ដាវ តំណាង លោកបណ្ឌិត ឈឹម សារ៉េត ប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយមូលដ្ឋាន ឃុំកំពង់ចំលង និងឃុំបាក់ដាវ និងសហការី កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ បានចូលរួមក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០២២-២០២៣ និងសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យបានដាវ។

សមាសភាពចូលរួមក្នុងពិធីនេះ រួមមាន លោក ចាន់ តារា អភិបាលរងលស្រុកខ្សាច់កណ្តាល ប្រធាន-អនុប្រធានក្រុមការងារ ចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាល ចុះជួយឃុំ ក្រុមការងារយុវជនស្រុក លោកមេឃុំបាក់ដាវ និងមាតាបីតាសិស្សសរុបចំនួន ១ ០៤០ នាក់។

ក្នុងឆ្នាំសិក្សាថ្មី ២០២២-២០២៣ វិទ្យាល័យ ហ៊ុន សែន បានដាវ មានសិស្សានុសិស្សសរុបចំនួន ៩១៩ នាក់ ក្នុងនោះស្រីចំនួន ៥០៣ នាក់ ចែកចេញជា៦ថ្នាក់ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២។ ដោយឡែកសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ មានចំនួន ១១៦ នាក់ ក្នុងនោះស្រី ៦៩ នាក់។

លទ្ធផលសិក្សាឆ្នាំ២០២១-២០២២ កន្លងមកនេះ សម្រាប់បេក្ខជនប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង ៥ ធ្នូ ២០២២ មានចំនួន ៨៩ នាក់ ស្រី ៥៣ នាក់ ក្នុងនោះបេក្ខជនប្រឡងជាប់ មានចំនួន ៨៤ នាក់ ស្មើនឹង ៩៤,៣៨ ភាគរយ ស្រី ៥១ នាក់ ស្មើនឹង ៩៦,២៣ ភាគរយ។

គណៈអធិបតី បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៥ ធ្នូ ២០២២ ដែលទទួលបានលទ្ធផលល្អ មានបេក្ខជនប្រឡងជាប់ជាង ៩៤ ភាគរយ និងសិស្សថ្នាក់ទី៩ ដែលប្រឡងជាប់សិស្សពូកែថ្នាក់ខេត្ត ផ្នែក គណិតវិទ្យាចំនួន០២នាក់ (ចំណាត់ថ្នាក់លេខ១ និងលេខ៣) និងម្នាក់ទៀតប្រឡងជាប់សិស្សពូកែថ្នាក់ជាតិ (ទូទាំងប្រទេស) ផ្នែកគណិតវិទ្យាដែរ ទទួលបានចំណាត់ថ្នាក់លេខ៤។

ក្នុងឱកាសនោះ លោក ហ៊ុល ប៊ុនថា តំណាងលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារ ចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្ដាល បានឧបត្ថម្ភសៀវភៅសរសេរ និងប៊ិក ជូនដល់សិស្សានុសិស្សសរុបចំនួន ៩១៩ នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅសរសេរ ចំនួន០២ក្បាល និងប៊ិកចំនួន ០២ ដើម គិតជាថវិកាស្មើនឹង ២ ៧៩៣ ៧៦០ រៀល និងឧបត្ថម្ភសម្រាប់រៀបចំកម្មវិធី ចំនួន ៤ ៥០០ ០០០ រៀល។ គណៈអធិបតីក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនលោកគ្រូអ្នកគ្រូ និងសិស្សពូកែថ្នាក់ជាតិ និងថ្នាក់ខេត្តផងដែរ។

To Top