ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ផលនេសាទដាយត្រី នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅក្នុងឆ្នាំ២០២២-២០២៣ សម្រេចបានបរិមាណ ១៤៨១តោន ហើយបរិមាណនេះកើនឡើងប្រមាណ ៤០%។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣បានបញ្ជាក់ថា «ផលនេសាទដាយត្រីនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅក្នុងឆ្នាំ២០២២-២០២៣ គិតមកដល់ថ្ងៃនេះ សម្រេចបានបរិមាណ ១៤៨១តោន។ បរិមាណនេះ កើនឡើងប្រមាណ ៤០ភាគរយ បើធៀបទៅនឹងផលនេសាទដាយត្រី នារដូវនេសាទឆ្នាំ២០២១-២០២២ ដែលទទួលបានចំនួន ៨៩០តោន»។
ក្រសួង បន្ដថា ប្រភេទត្រីដែលនេសាទបានពីដាយត្រី ក្នុងរដូវនេសាទនេះរួមមាន៖ ត្រីរៀល ៤៥% ស្លឹកឫស្សី ៣០%ខ្នងវែង ៥% ត្រីកប្រូក ៣% ត្រីច្រកែង ២% ត្រីល្បាត ៥% និងត្រីចម្រុះ ១០%។ ចំណែកប្រជាពលរដ្ឋដែលអញ្ជើញមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ និងទឹកត្រី សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងលក់បន្ត មានចំនួនប្រមាណ៨ ០០០នាក់ ក្នុងនោះមានប្រជាពលរដ្ឋប្រមាណ ៩០% មកពីបណ្តាខេត្តផ្សេងៗ។
ក្រសួង បន្ថែមថា កំណើនត្រីដែលចាប់បាននៅក្នុងគន្លងដាយនេះ ឆ្លុះបញ្ចាំងឲ្យឃើញថា បរិមាណត្រីទឹកសាបនៅក្នុងធម្មជាតិ មានការកើនឡើងជាងមុន ដែលជាលទ្ធផលនៃការទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាពនូវ បទល្មើសក្នុងបឹងទន្លេសាប ពីសំណាក់មន្ត្រីជលផល និងកងកម្លាំងមានសមត្ថកិច្ចចម្រុះ ទាំងអស់កាលពីរដូវត្រីពង ក្នុងអំឡុងឆ្នាំ២០២២កន្លងទៅ។ នៅពេលដែលផលត្រីកើនឡើង បងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋាន អាចរកត្រីទទួលទានបានងាយ និងមានតម្លៃសមរម្យ ដែលជាកត្តារួមចំណែកកាត់បន្ថយ ភាពក្រីកនិងជួយលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋនៅតាមសហគមន៍។
លើសពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តរកតុល្យភាពរវាងអភិរក្សនិងអភិវឌ្ឍ មិនត្រឹមតែនៅបឹងទន្លេសាបប៉ុណ្ណោះទេ ប៉ុន្តែនៅទន្លេមេគង្គលើផងដែរ។ ទន្លេសាបជាកន្លែងត្រីធំធាត់ រីឯទន្លេមេគង្គលើជាកន្លែងត្រីបន្តពូជ និងជាកន្លែងសត្វផ្សោតរស់នៅ។ ការរក្សាតំបន់ទាំងពីរនេះ កុំឲ្យមានការនេសាទហួសកម្រិត នឹងនាំមកនូវភោគផលតីពោរពេញផ្ទៃប្រទេស។
បន្ថែមពីលើការទប់ស្កាត់បទល្មើសនេសាទ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ក្រសួង បានស្វាគមន៍ និងលើកទឹកចិត្តដល់សហគមន៍នេសាទ ក៏ដូចជាបងប្អូនប្រជានេសាទទាំងអស់ ឲ្យគោរពច្បាប់នេសាទ ដើម្បីរក្សាធនធានជលផល ឲ្យបានយូរអង្វែង។ ចំណែកឯអ្នកប្រព្រឹត្តល្មើសត្រូវ ប្រឈមនឹងទោសទណ្ឌជាធរមាន។ ក្រសួងកសិកម្ម នឹងបន្តអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះបទល្មើសជាក់ស្តែង និងបទល្មើសទាំងឡាយណា ដែលមានភស្តុតាង និងកំណត់អត្តសញ្ញាណ នៃជនដែលបានប្រព្រឹត្តបទល្មើស៕