ព័ត៌មានជាតិ

អគ្គលេខាធិការព្រឹទ្ធសភា ណែនាំនិស្សិត ទៅសិក្សានៅនូវែលសេឡង់ បង្ហាញសក្ដានុពលកម្ពុជា ដើម្បីទាក់ទាញទេសចរ

ភ្នំពេញ ៖ លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានណែនាំល់និស្សិតខ្មែរ ទទួលជ័យលាភីអាហារូបករណ៍ នៅនូវែលសេឡង់ ត្រូវបង្ហាញពីសក្ដានុពលនានារបស់កម្ពុជា ទៅកាន់បរទេស ដើម្បីឱ្យពួកគេមកទេសចរណ៍កម្សាន្ត ក្នុងប្រទេសកម្ពុជា។

នាឱកាសអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍នូវែលសេឡង់ ចូលជួបសំណេះសំណាល និងទទួលអនុសាសន៍ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣​ លោក អ៊ុំ សារឹទ្ធ បានថ្លែងថា «រឿងមួយដែលក្មួយៗ និស្សិតចាំបាច់ត្រូវធ្វើគឺ ត្រូវគោរពច្បាប់ប្រទេស ច្បាប់សាលាឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ហាញ អំពី សេចក្តីថ្លៃថ្នូរ ក្នុងនាមជាកូនខ្មែរ ឱ្យក្រុមនិស្សិត ដែលមកពីបណ្តាប្រទេសនានា បានឃើញ ត្រូវសម្របខ្លួនរៀនរស់នៅ រៀនទំនាក់ទំនង ជាមួយនឹងប្រជាពលរដ្ឋខ្មែរ ដែលរស់នៅ ក្នុងប្រទេសណូវែលសេឡង់ និងនិស្សិតផ្សេងៗទៀតដែលកំពុងសិក្សានៅទីនោះស្រាប់ ព្រមទាំងផ្សព្វផ្សាយ អំពីសភាពការណ៍ថ្មីៗ ការអភិវឌ្ឍថ្មីៗ របស់ប្រទេសកម្ពុជាបច្ចុប្បន្ន ដើម្បីទាក់ទាញឲ្យពួកគាត់មកធ្វើទេសចរណ៍នៅប្រទេសកម្ពុជា»។

លោក អគ្គលេខាធិការព្រឹទ្ធសភា បានផ្តាំផ្ញើដល់និស្សិតទាំងអស់ ទោះបីជាក្មួយៗ ត្រូវទៅសិក្សានៅសាលាផ្សេងៗ គ្នាក៏ពិតមែន ប៉ុន្តែត្រូវចេះសាមគ្គីភាពផ្ទៃក្នុង សហការគ្នា ទំនាក់ទំនងគ្នា និងចេះជួយយកអាសារគ្នា ទៅវិញទៅមក ក្នុងនាមជាខ្មែរដូចគ្នា ដូចសុភាសិតខ្មែរយើងពោលថា នៅផ្ទះម្តាយទីទៃនៅព្រៃម្តាយជាមួយ។

សូមបញ្ជាក់ថា អាហារូបករណ៍របស់រាជរដ្ឋាភិបាលប្រទេសនូវែលសេឡង់ គឺត្រូវបានគ្រប់គ្រង និង ចាត់ចែងដោយក្រសួងការបរទេស និងពាណិជ្ជកម្ម(MFAT) របស់ប្រទេសនូវែលសេឡង់ ដើម្បីជួយគាំទ្រ ដល់សិស្សនិស្សិតទូទាំងពិភពលោកក្នុងការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់ បណ្ឌិត ។ សិស្សនិស្សិតអន្តរជាតិប្រហែល១០០០នាក់ ត្រូវបានជ្រើសរើស ឲ្យមកធ្វើការសិក្សា នៅក្នុងប្រទេសនូវែលសេឡង់ ជារៀងរាល់ឆ្នាំ ដោយសិស្សនិស្សិតភាគច្រើនមកពីតំបន់ប៉ាស៊ីហ្វិក អាស៊ី អាហ្រ្វីក អាមេរិកឡាទីន និងតំបន់ការីប៊ីន៕

To Top