ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀងសម្រេចអភិវឌ្ឍន៍ច្រាំងទន្លេវ៉ៃគោ ខាងលិចស្ពានហាវ៉េផ្លូវជាតិលេខ១ ប៉ែកខាងជើងផ្លូវបន្ថែមទៀត

ស្វាយរៀង ៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៥ខែមករាឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិនិត្យអនុវត្តលើការងារអភិវឌ្ឍន៍ខេត្តស្វាយរៀង ដើម្បីឲ្យខេត្តមួយនេះ កាន់តែមានភាពរីកចម្រើនទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ជាពិសេសនាំយកទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ឲ្យកាន់តែទូលំទូលាយ ស្របតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាននាពេលបច្ចុប្បន្ន។

បើតាមមន្ត្រីសាលាខេត្តស្វាយរៀងឲ្យដឹងថា ការងារអភិវឌ្ឍន៍នៅខេត្តស្វាយរៀងក្រោមការគិតគូរយកចិត្តទុកដាក់ពីសំណាក់លោកម៉ែន វិបុល ជាអភិបាលខេត្ត គឺមានផែនការអភិវឌ្ឍន៍ជាច្រើនទៀត ក្នុងការធ្វើឲ្យខេត្តស្វាយរៀងមានការរីកចម្រើននិងក៏ក្លាយទៅជាខេត្តដែលមានសក្តានុពលទេសចរណ៍ផងដែរ។

មន្ត្រីដដែលបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំព្រឹកមិញនេះបានសម្រេច​ រៀបចំទីតាំងស្ថានីយ៍បូមទឹកឆៅ ដើម្បីពង្រីកវិសាលភាពប្រព័ន្ធទឹកស្អាតក្នុងខេត្តស្វាយរៀងជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយនិងបានសម្រេចលើការរៀបចំច្រាំងទន្លេវ៉ៃគោបន្ថែមទៀតខាងលិចស្ពានហាវ៉េផ្លូវជាតិលេខ១ ខាងជើងផ្លូវ ដោយមានការរៀបចំឱ្យមានបញ្ជរមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍កម្ពុជា បន្ទប់ទឹកសាធារណៈ​ និងកន្លែងចំណតរថយន្តជាដើម។ព្រមទាំងពិនិត្យនិងដោះស្រាយលេីឯកសារពាក់ព័ន្ធដែលជាសំណូមពររបស់ប្រជាពលរដ្ឋ។

លោកក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តស្វាយរៀងសូមចូលរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឍន៍ខេត្ត ហើយកុំមានការយល់ច្រឡំចំពោះការចាក់ដីនៅមាត់ច្រាំងទន្លេវៃគោត្រង់ប៉ែកខាងជើងផ្លូវជាតិលេខ១ថាយកទៅធ្វើជាកម្មសិទ្ធិឯកជននោះ គឺមិនពិតនោះទេ ព្រោះនេះជាគម្រោងផែនការអភិវឌ្ឍរបស់ខេត្ត ដើម្បីឲ្យក្រុងស្វាយរៀងមានការរីកចំរើន សោភណ្ឌភាពល្អ និងជាតំបន់ទេសចរផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានការចូលរួមពី​ លោកហែម ពិសិដ្ឋអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ លោកនាយកទីចាត់ការ​ហិរញ្ជវត្ថុសាលាខេត្ត លោកអភិបាលក្រុង​ស្វាយរៀង​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕

To Top