ព័ត៌មានជាតិ

យុទ្ធនាការ សៀវភៅមួយ សហគមន៍មួយនឹងបើកសម្ពោធ ជាផ្លូវការនៅខេត្តកំពង់ស្ពឺចាប់ពីថ្ងៃ១៣ ដល់ ១៥ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ

ភ្នំពេញ៖ យុទ្ធនាការសៀវភៅមួយ សហគមន៍មួយ (One Book One Community) នឹងប្រកាសជាផ្លូវការ និងដាក់ដំណើរការដំបូងនៅលើទឹកដីខេត្តកំពង់ស្ពឺ ស្ថិតនៅបណ្ណាល័យកំពង់ស្ពឺនាថ្ងៃ១៣ ដល់ ១៥ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមប្រធាបបទ “រួមគ្នាលើកកម្ពស់ការអាននៅតាមសហគមន៍” ដើម្បីបណ្តុះវប្បធម៌អាន និងការរៀនសូត្រឯករាជ្យក្នុងចំណោមយុវជនមុនពេលយុទ្ធនាការនេះបន្តសកម្មភាពបន្តបន្ទាប់ទៅខេត្តក្រុងដទៃទៀតទូទាំងប្រទេស។

ថ្លែងក្នុងសន្និសិទសារព័ត៌មាន នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ ២០២២ នៅវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ លោក សុខ ឡាក់ប្រធាន យុទ្ធនាការ សៀវភៅមួយ សហគមន៍មួយបានឱ្យដឹងថា ការសម្រេចយកខេត្តកំពង់ស្ពឺមុនគេនេះ មានមូលហេតុសំខាន់ៗចំនួន៣ ទីមួយ ដោយសារតែខេត្តនេះមានបណ្ណាល័យសាធារណៈមួយងាយស្រួលក្នុងការរៀបចំកម្មវិធី ទីពីរខេត្តកំពង់ស្ពឺជាខេត្តដើមកំណើតរបស់សម្តេចសង្ឃរាជជួនណាយដែលជាអ្នកប្រាជ្ញផ្នែកអក្សសាស្រ្តខ្មែរ និងជាអ្នកនិពន្ធវចនានុក្រមខ្មែរ និងចំណុចទីបីខេត្តនេះមានរុក្ខាជាតិតំណាងជាតិគឺដើមត្នោត ។

លោកបន្តថា គម្រោងយុទ្ធនាការលើកម្ពស់ការអានជាសារធាណៈនិងសកម្មភាពរយៈពេល២ឆ្នំា ឬ២៥ខែ ជុំវិញ២៥ខេត្តក្រុង ដែលមានសកម្មភាពធំៗ៥ គឺការប្រកួងប្រជែងការអានប្រចាំខេត្ត ការចែកសៀវភៅដោយឥតគិតថ្លៃ បណ្ណាល័យចល័ត ការអភិវឌ្ឍបណ្ណាល័យ និងផ្សារណាត់សៀវភៅ។

បើតាមលោកសុខ ឡាក់ យុទ្ធនាការនេះ គឺផ្តូចផ្តើមគំនិតដោយក្រុមការងារ Riel Tiger Solutions, បណ្ណាល័យបញ្ញវន្ត គ្រឹះស្ថានបោះពុម្ពផ្សាយBusiness Record និងដៃគូសហការសំខាន់ៗដូចជាអង្គការSipar សហព័ន្ធសេវាអប់រំកម្ពុជា ជាដើម ព្រមទាំងមានការគាំទ្រពីសមាគមអ្នកបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជា សមាគមបណ្ណាល័យកម្ពុជា សមាគមអ្នកនិពន្ធខ្មែរ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

លោក សឿង សារ៉ាន់ប្រធានបណ្ណាល័យកំពង់ស្ពឺបានឱ្យដឹងដែរថា ជាមួយនឹងការការប្រកាសផ្លូវការនៃយុទ្ធនាការនេះ នៅបណ្ណាល័យកំពងស្ពឺក៏មានរៀបចំសកម្មភាពជាច្រើនដូចជាកម្មវិធីចែករំលែកនូវទស្សនទាន បទពិសោធន៍ល្អៗ អំពីគន្លឹះជោគជ័យក្នុងការសិក្សា សារៈសំខាន់នៃការអាន គន្លងអាជីព ការរៀបចំផែនការជីវិតដោយវាគ្មិនជាថ្នាក់ដឹកនាំ និងជាអ្នកជំរុញទឹកចិត្តល្បីៗ ចែកសៀវភៅ១០០០ក្បាល សកម្មភាពបណ្ណាល័យចល័ត និងផ្សារណាត់សៀវភៅដែលនឹងមានបង្ហាញសៀវភៅរាប់ពាន់ចំណងជើងជាលើកដំបូងនៅខេត្តកំពង់ស្ពឺ។

ពិសេសជាងនេះ នៅខេត្តកំពងស្ពឺក៏មានការផ្តល់ឱកាសដល់អ្នកអានបង្ហាញសមត្ថភាពចូលរួមប្រកួតប្រជែងអំណានជាសាធារណៈទៀតផង។ ចំពោះបេក្ខជនជ័យលាភីប្រចាំខេត្តកំពង់ស្ពឺ នឹងចូលរូមប្រកួតប្រជែងជាមួយបេក្ខជនជ័យលាភី២៤ខេត្តក្រុងទៀត ក្នុងកម្មវិធី “ជើងឯកបំបែកជើងឯក” ហើយអ្នកទទួលបានជ័យលាភីផ្នែកអំណានប្រចាំប្រទេសនេះ នឹងទទួលបានថវិកាចំនួន១លានរៀល បណ្ណសរសើរ នឹងទទួលបានឱកាសទៅទស្សនកិច្ចសិក្សានៅប្រទេសជប៉ុន។
ឯកឧត្តម សុខ ឫទ្ធីប្រធានសមាគមអ្នកបោះផ្សាយសៀវភៅនៅកម្ពុជា និង លោក ហុក សុទ្ធិប្រធាន សមាគមបណ្ណាល័យកម្ពុជាបានគាំទ្រ និងចាត់ទុកថា យុទ្ធនាការសៀវភៅមួយ សហគមន៍មួយនេះ នឹងជំរុញឱ្យដល់ប្រជាពលរដ្ឋកាន់តែច្រើនចូលចិត្តអានសៀវភៅ ខណៈដែលការអានបាននាំមកនេះចំណេះដឹងថ្មីៗសម្រាប់ពង្រឹងប្រសិទ្ធភាពការងារ និងការសិក្សាស្រាជ្រាវ។

យោងតាមការស្ទង់មតិសេដ្ឋកិច្ចសង្គមកម្ពុជាឆ្នាំ២០១៤ ប្រទេសកម្ពុជា មានអត្រាអក្ខរកម្មទាបបំផុតលំដាប់ទី២ ក្នុងចំណោមប្រទេសអាស៊ាន បន្ទាប់ពីប្រទេសឡាវ និងប្រហែល២៩ភាគរយ នៃប្រជាជនសរុប គឺខ្វះជំនាញអាន និងសរសេរជាមូលដ្ឋាន។ ចំពោះការរកឃើញរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍យុវជនជាតិ (NYDC 2021) នៅកម្ពុជាបានបង្ហាញថា កម្ពុជាជាប្រទេសដែលមានយុវជន ៣២ភាគរយដែលមានអាយុពី១០ ដល់ ២៤ឆ្នាំ និង ៧១ភាគរយនៃយុវជនមិនបានសិក្សាជាផ្លូវការ៕ (អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន )

To Top