ព័ត៌មានជាតិ

រដ្ឋមន្ដ្រីវប្បធម៌ ស្នើមេប៉ូលិសចាត់វិធានការ​ ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​ចម្រៀង ឈាមបាតុករ

" "

ភ្នំពេញ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ការផ្សព្វផ្សាយ បទចម្រៀង ដែលមានចំណងជើងថា «ឈាមបាតុករ» ព្រោះមានចេតនាញុះញង់បង្កអសន្តិសុខក្នុងសង្គម។

ការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ បែបនេះ ក្រោយមានបទចម្រៀងបែបរ៉េប មានចំណងជើងថា «ឈាមបាតុករ» កំពុងនឹងត្រូវបានផ្សព្វផ្សាយយ៉ាង ផុលផុសពីសំណាក់អង្គការ និងក្រុមមនុស្សមាននិន្នាការ ប្រឆាំងរាជរដ្ឋាភិបាល។

" "

យោងតាមលិខិតផ្ញើជូន នាយឧត្តមសេនីយ៍ នេត សាវឿន នាថ្ងៃទី៦ ខែ​មករា​ ឆ្នាំ២០២៣ លោកស្រី ភឿង សកុណា បានឱ្យដឹងថា ក្រសួង បានពិនិត្យឃើញក្នុងពេលបច្ចុប្បន្នមាន Page បណ្ដាញប្រព័ន្ធព័ត៌មានសង្គមមួយចំនួន យកបទច្រៀងអមដោយរូបភាព ក្រោមចំណងជើងថា «ឈាមបាតុករ» ដែលមានខ្លឹមសារអុជអាល ញុះញង់ អាចនឹងបង្កអសន្តិសុខ សណ្តាប់ធ្នាប់ដល់សង្គម របស់អ្នកនិពន្ធទំនុកច្រៀង និងអ្នកច្រៀងឈ្មោះ គា សុគន្ធ ដែលក្រសួងមហាផ្ទៃចាត់វិធានការបិទ និងផ្តន្ទាទោសអ្នកនិពន្ធ និងអ្នកច្រៀងម្តងរួចហើយ ។ តែនៅពេលថ្មីៗនេះ បទចម្រៀងនេះ ត្រូវបានផ្សព្វផ្សាយឡើងវិញ។

" "

លោកស្រី ភឿង សកុណា បានបញ្ជាក់ថា «អាស្រ័យហេតុនេះ ដើម្បីទប់ស្កាត់នូវភាពមិនប្រក្រតី ដែលអាចនឹងកើតមានឡើងជាយថាហេតុ តាមរយៈបទចម្រៀងដែលមានខ្លឹមសារ អុជអាល ញុះញង់ នេះ ខ្ញុំសូម ឯកឧត្តមនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត មេត្តាពិនិត្យចាត់វិធានការនានាតាមនីតិវិធីច្បាប់ ដែលមានជាធរមានដោយអនុគ្រោះ» ៕

To Top