ព័ត៌មានជាតិ

ក្រសួង២ ណែនាំអាជ្ញាធរឱ្យ ទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ឬដុតព្រៃឈើ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន បានណែនាំអាជ្ញាធរទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដែលជាសកម្មភាពល្មើសច្បាប់ នាំឱ្យបង្កមានភ្លើងឆេះព្រៃ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន បានបញ្ជាក់ថា កត្ដាចម្បងដែលបង្កឲ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង មានជាអាទិ៍ ការកាប់ឆ្ការដុតរានព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការទន្ទ្រានដីព្រៃដើម្បីតាំងលំនៅឋានខុសច្បាប់ ការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ ការដុតព្រៃដើម្បីចាប់សត្វ ការបន្សល់ដើមភ្លើងនៅក្នុងព្រៃ ដោយការធ្វេសប្រហែសរបស់មនុស្សជាដើម។

ក្រសួង២ ក៏បានកត់សម្គាល់ឃើញថា ភ្លើងឆេះព្រៃរៀងរាល់ឆ្នាំបានបង្កឲ្យមានបញ្ហាដល់ការបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិដែលអាចបង្កឱ្យមានការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន។

ដោយសង្កេតឃើញបញ្ហាប្រឈមទាំងនោះ ក្រសួង២ បានធ្វើការណែនាំដល់អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ត្រូវអប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋសហគមន៍ឱ្យមានការប្រុងប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ភ្លើងសម្រាប់ជាមធ្យោបាយ ដើម្បីចម្អិនអាហារ ការយកឃ្មុំ ការដុតស្មៅ-ព្រៃ ការដុតស្ទាក់ចាប់សត្វ និងការប្រមូលផលអនុផលព្រៃឈើជាដើម។

ក្រសួងទាំងពីរ ក៏បានបញ្ជាក់ទៀតថា «ទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដើម្បីពង្រីកផ្ទៃដីដំណាំកសិកម្ម ឬក្នុងគោលបំណងផ្សេងៗទៀត ដែលជាសកម្មភាពល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃឈើ ព្រៃលិចទឹក និងរាលដាលរហូតដល់ភូមិកររបស់ប្រជាពលរដ្ឋ តំបន់រដ្ឋបាលសាធារណៈ ហេដ្ឋានរចនាសម្ព័ន្ធរូបវន្ដនានា នៅក្នុង ឬជុំវិញសហគមន៍ព្រៃឈើ សហគមន៍នេសាទ សហគមន៍តំបន់ការពារធម្មជាតិ តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ»៕

To Top