ព័ត៌មានជាតិ

សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍នឹង សម្រេចកំណើន ៦.៦% នៅឆ្នាំ២០២៣

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងនឹងសម្រេចបានកំណើន ក្នុងរង្វង់ ៥.៥% ក្នុងឆ្នាំ២០២២ និងត្រូវបានព្យាករណ៍សម្រេចបានកំណើន ៦.៦% នៅឆ្នាំ២០២៣។

ក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ កម្ពុជាបានសម្រេចសមិទ្ធផលថ្មីៗទៀត លើមាគ៌ានៃការអភិវឌ្ឍរបស់ខ្លួន ទោះបីជំងឺកូវីដ-១៩ មិនទាន់ត្រូវបានលប់បំបាត់ទាំងស្រុង និងត្រូវទទួលរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញ នៃសភាពការណ៍អន្ដរជាតិក្ដី។

សម្ដេចតេជោ បន្ដថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលបាន ឆ្លងរាតត្បាតយ៉ាងខ្លាំង ក្នុងឆ្នាំ២០២០-២០២១ បានទទួលជោគជ័យ តាមរយៈការដឹកនាំដ៏ត្រឹមត្រូវ ការអនុវត្តយុទ្ធសាស្ត្រ និងវិធានការដ៏មុតស្រួច នានាប្រកបដោយប្រសិទ្ធភាព និងការចូលរួមដ៏សកម្មរបស់ប្រជាជន ដែលបានពង្រឹងខឿនការពារ សុខភាពរបស់ប្រជាជន ធានាដល់ដំណើរការស្តារ និងជំរុញសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូរីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «វិស័យសេដ្ឋកិច្ច បានងើបឡើងវិញយ៉ាងឆាប់ ដោយសារការខិតខំប្រឹងប្រែង ប្រកបដោយភាពបុរសកម្ម និងភាពម្ចាស់ការរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញវិធានការ រក្សាលំនឹងសង្គម-សេដ្ឋកិច្ច ទាន់ពេលជាបន្តបន្ទាប់។ លើមូលដ្ឋាននេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងសម្រេចបានកំណើន ក្នុងរង្វង់ ៥.៥% ក្នុងឆ្នាំ២០២២ និងត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើន ៦.៦% នៅឆ្នាំ២០២៣»។

សម្ដេចតេជោ គូសបញ្ជាក់បន្ថែមថា ព្រមជាមួយនេះ ជីវភាពប្រជាជនរក្សាបានភាពនឹងន ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះដែលរងឥទ្ធិពលខ្លាំងពីវិបត្តិជំងឺកវីដ-១៩ រួមទាំងប្រជាជនងាយរងហានិភ័យ ពីសម្ពាធនៃការឡើងថ្លៃ ទំនិញជាសាកល និងប្រជាជនរងគ្រោះដោយទឹកជំនន់ តាមរយៈការអនុវត្តកម្មវិធី និងវិធានការអន្តរាគមន៍ សង្គមកិច្ចនានាបានទាន់ពេល។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងទៀតថា នៅឆ្នាំ២០២៣នេះ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធត្រូវបានដំឡើងប្រាក់ប្រៀវត្សមួយកម្រិតទៀត ព្រមជាមួយនេះ ប្រាក់សោធននិវត្តន៍ របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ក៏ត្រូវបានកែសម្រួល និងដំឡើងផងដែរ។ ដោយឡែក ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ ក៏ត្រូវបានដំឡើងដល់២០០ដុល្លារ រួមទាំងការបន្តទទួលបាន អត្ថប្រយោជន៍ផ្សេងៗទៀត ពីការអនុវត្តគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាល ៕

To Top