ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានទម្លាយថា លោក ហ៊ុន ម៉ាណែត ដែលជា កូនប្រុសច្បងសម្តេច និងបេក្ខភាព នាយករដ្ឋមន្រ្តី នាពេលអនាគត ធ្លាប់បានប្រាប់លោក ថាច់ សេដ្ឋា ប្រធានស្តីទី និងជាអ្នកនាំពាក្យ គណបក្សភ្លើងទៀន ឱ្យណែនាំសមាជិក-សមាជិការបស់ខ្លួន កុំប្រព្រឹត្តអំពើខុសច្បាប់ ។
ការទម្លាយអាថ៌កំបាំងបែបនេះ ក្រោយពីលោក ថាច់ សេដ្ឋា បានសុំជួប លោក ហ៊ុន ម៉ាណែត នាពេលថ្មីៗនេះ។ នេះបើតាមសម្ដេចតេជោ នាឱកាសអញ្ជើញ បើកការដ្ឋានសាងសង់ពង្រីក និងលើកម្រិតគុណភាព កំណត់ផ្លូវជាតិលេខ៧ ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួម ខេត្តកំពង់ចាម នាថ្ងៃ៩ មករា ។
សម្ដេចតេជោបញ្ជាក់ថា «ថាច់ សេដ្ឋា ថ្ងៃមុនទៅជួប ហ៊ុន ម៉ាណែត ខ្ញុំនិយាយឱ្យបើកជំហរចឹង ។ ហ៊ុន ម៉ាណែត បានរាយការណ៍មកខ្ញុំ គេបានដឹងហើយថា ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ដ្រី នាពេលអនាគត បន្ទាប់ពីខ្ញុំ ថាច់ សេដ្ឋា បានទៅសុំជួប។ ថាច់ សេដ្ឋា បានលើកឡើង ហ៊ុន ម៉ាណែត បានដំបូន្មាន សុំឱ្យសមាជិក-សមាជិកា អ្នកឯងកុំប្រព្រឹត្តខុសច្បាប់ ។ នេះជាការដំបូន្មានពី ម៉ាណែត ត្រឡប់ទៅវិញ»។
ជុំវិញបញ្ហាទាំងនេះ សម្ដេចតេជោក៏បានផ្ញើសារទៅវិញថា បើអ្នកឯងមិនធ្វើខុសច្បាប់ តើអ្នកណាហ៊ានធ្វើអ្នកឯង។ សម្ដេចថា «ពាក្យសម្ដីពួកអ្នកឯង កំពុងញុះញង់ហើយ»។
ការលើកឡើង របស់សម្តេចតេជោនេះ បន្ទាប់ពីលោក គង់ គាំជាទីប្រឹក្សាគណបក្សភ្លើងទៀន បានចេញមកវាយប្រហារ គណបក្សប្រជាជនកម្ពុជា ដោយពាក្យសំដីធ្ងន់ៗ ។ លោកគង់ គាំ មុនមកជាមន្រ្តីជាន់ខ្ពស់បក្សភ្លើងទៀន លោក ក៏ជាទីប្រឹក្សាគណបក្សឆន្ទះខ្មែរ ដែលមានកូនប្រុសលោក គង់ មុនីកា ជាប្រធាន ៕