កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម
លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ចាក់វាក់សាំងកូវីដ-១៩ ដួសជំរុញទី៣ ទី៤ ទី៥ និងដូសទី៦ នៅ សាលាខេត្តកំពង់ចាម ។
ស្ថិតក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្ដល់ការចាក់វាក់សាំងកូវីដ-១៩ ដួសជំរុញទី៣ ទី៤ ទី៥ និងដូសទី៦ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម ។
ទន្ទឹមនឹងនេះដែរ រដ្ឋបាលខេត្តកំពង់ចាម បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាមថា ដើម្បីបង្កើន ភាពស៊ាំ នៅក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងធានាការពារ អាយុជីវិតរបស់ប្រជាជន ពីជំងឺមហាប្រល័យកូវីដ-១៩ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងសុខាភិបាល បន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូស ទី៣, ទី៤, ទី៥ និងដូសទី៦ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានបន្ថែមទៀត។
អាស្រ័យដូច្នេះ សូមលោក លោកស្រី បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូស ទី៣, ទី៤, ទី៥ និងដូសទី៦ ដោយឥតគិតថ្លៃ នៅតាមទីតាំងដែលរដ្ឋបាលក្រុង-ស្រុក បានកំណត់ និងរៀបចំ ដូចជានៅតាមសាលារៀន វត្តអារាម និងតាមទីតាំងនានាដែលអាជ្ញាធរឃុំ-សង្កាត់ បានកំណត់ ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នេះតទៅ។
រដ្ឋបាលខេត្តកំពង់ចាម ក៏បានក្រើនរំលឹកបងប្អូនដែលអញ្ជើញទៅទទួល ការវ៉ាក់សាំង កូវីដ-១៩ ដូសទី៣, ទី៤, ទី៥ និងដូសទី៦ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល និងប្រកាន់ ខ្ជាប់នូវវិធានការ « ៣ការពារ និង៣កុំ» និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មាតាបិតា និងអាណាព្យាបាល ដែលមានបុត្រធីតាអាយុចាប់ពី ៥ឆ្នាំឡើង សូមមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូស មូលដ្ឋាន ឬដូសជំរុញដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ នៅតាមទីតាំងដែលបានរៀបចំ ដើម្បីរួមគ្នាបញ្ឈប់ការឆ្លង រីករាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕