ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានគម្រោងកោះហៅអភិបាលរាជធានី-ខេត្ត ម្នាក់ម្ដងៗ មករាយការណ៍ជូន សម្ដេច អំពីបទល្មើសនីមួយៗ ក្នុងមូលដ្ឋានរបស់ខ្លួន ដោយគ្មានការលាក់បាំងនោះឡើយ ។
នាឱកាសអញ្ជើញបើកវេទិកា ស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ សម្ដេច ស ខេង បានគូសបញ្ជាក់ថា ពេលនេះរាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការប្រយុទ្ធប្រឆាំងនឹង បទល្មើសផ្សេងទៀត ក្នុងនោះ អំពើជួញដូរមនុស្ស គ្រប់ទម្រង់ ត្រូវបន្តធ្វើការងារដោយ មិនត្រូវទំលាក់ដៃនោះទេ។
សម្ដេច បន្ដថា បទល្មើសជួញដូរមនុស្ស ជាបទល្មើសមួយកើតឡើងដោយ មានភាពស្មុគស្មាញណាស់ ដូចជា៖ ការរំលោភសិទ្ធិមនុស្ស ហើយក៏មានបទល្មើសផ្សេងទៀត ដូចជា ចោរលួច ចោរប្លន់ជាដើម។ សម្ដេច រំលឹកថា កាលពេលមុន ក្នុងមួយថ្ងៃជាមធ្យមទទួលបានបណ្តឹងជាង១០ ហើយមកដល់ពេលនេះក្នុងមួយថ្ងៃមាន ១បណ្តឹង ខណៈថ្ងៃខ្លះក៏គ្មានបណ្តឹងផងដែរ។ សម្តេច បញ្ជាក់ថា «នេះជាលទ្ធផលដែលយើងបានដោះស្រាយ ក្នុងការជួយជនរងគ្រោះបានជាបន្ដបន្ទាប់ ដែលមានបណ្តឹងសុំឱ្យជួយ»។
លើសពីនេះ សម្ដេច ស ខេង ក៏បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវតែធ្វើការដោះស្រាយចំពោះពាក្យបណ្តឹង របស់ជនរងគ្រោះឱ្យបានអស់ និងច្បាស់លាស់ ដោយមិនត្រូវទុកចោល ឬធ្វើលំៗស្រាលៗ និងផ្សំគំនិតនោះទេ។ សម្តេច បន្ថែមថា បើសិនអភិបាលរាជធានី-ខេត្ត ឬសមត្ថកិច្ច មានការបិទបាំងបទល្មើស នៅពេលទទួលបានបណ្តឹង ហើយមិនបានដោះស្រាយនោះ នៅថ្ងៃណាមួយ នឹងរកឃើញជាមិនខាន។
សម្ដេច បានបញ្ជាក់ទៀតថា «បើបិទបាំងមានន័យថា យើងគាំទ្រនូវអំពើទុច្ចរិត ក្នុងនោះពេលយើងចុះទៅ គឺយើងហ្នឹងឃើញនូវប្រភេទបទល្មើសព្រមគ្នា បើមិនមួយ ក៏ពីរ ឬក៏បីដែរ។ បើនៅកន្លែងមួយបើកការរកស៊ីអនឡាញ សួរថាមានច្បាប់ទេ? អត់មាន នេះជាបទល្មើសមួយ មួយទៀត អ្នកធ្វើការនៅអនឡាញមាន វីសារចូលមកស្រុកចូលកម្ពុជា បើអត់មាន គឺបទល្មើសមួយទៀត។ តែបើមានវីសារទេសចរណ៍ តែមកធ្វើការនោះ ក៏ជាកំហុសមួយដែរ។ បើយើងធ្វើការលំៗ ស្រាលៗ ឱ្យតែរួចពីដៃ នៅថ្ងៃណាមួយ ខ្ញុំនឹងធ្វើគណនេយ្យភាព ត្រួតពិនិត្យ ហៅចៅហ្វាយខេត្តមករាយការណ៍ តាមករណីនីមួយៗ។ បើមន្ត្រីនគបាលធ្វើការមិនច្បាស់លាស់ គឺមិនស្មោះត្រង់ និងវិជ្ជាជីវៈ»។
សម្ដេច ឧបនាយករដ្ឋមន្ដ្រី បានលើកឡើងទៀតថា រហូតមកដល់ពេលនេះ ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹង ៧០០ពាក្យបណ្តឹង ហើយពាក្យបណ្តឹងមកពីខេត្តណាចំនួនប៉ុន្មាន គឺមាននៅក្នុងបញ្ជីអស់ហើយ ដូច្នេះ មិនអាចលាក់បាំងបានឡើយ ៕