ព័ត៌មានជាតិ

ប្រកាសទទួលស្គាល់ ប្រធាន អនុប្រធានកិត្តិយស សាខាកាបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥

កំពង់ចាម ៖ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នេះ នៅសាលាខេត្តកំពង់ចាម សាខាកាកបាទក្រហមខេត្ត បានប្រារព្ធពិធីប្រកាសទទួលស្គាល់ ប្រធាន អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ ក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពី គណៈកិត្តិយស គណៈកម្មាធិការ ក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជន នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមសរុបចំនួន ៣៣០នាក់ ។

សូមជម្រាបថា នៅក្នុងអាណត្តិទី៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម សម្ដេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា បានសម្រេចតែងតាំង លោក ប៉ាន សូរស័ក្ដិ ជាប្រធានកិត្តិយស ដើម្បី បំពេញភារកិច្ចបន្តពី សម្ដេចឧត្តមទេពពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាព និងមានអនុប្រធានកិត្តិយសចំនួន ២៥រូប ទៀត នេះបើតាមសេចក្ដីសម្រេចលេខ ៨៤កក្រក.ធធ.ចត ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងនាមជាជំនួយការ ឲ្យអាជ្ញាធរ សាធារណៈក្នុងវិស័យមនុស្សធម៌ សាខាកាកបាទក្រហមកខេត្ត បានដាក់ចេញនូវលិខិតបទដ្ឋាន ជាគោលសំខាន់ៗ សម្រាប់ប្រតិបត្តិការ មានជាអាទិ៍ ការរៀបចំ និងការប្រព្រឹត្តទៅ របស់សាខាអាណត្តិទី៥ ការកំណត់របៀបរបបធ្វើការងារ ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិសាខា ការកំណត់គោលការណ៍គ្រប់គ្រងមូលនិធិសាខា ការរៀបចំផែនការអភិវឌ្ឍន៍សកម្មភាព របស់សាខាក្នុងអាណត្តិទី៥ ជាពិសេស ចុងក្រោយនេះ ដំណាក់កាលទី១ (២០២១-២០២៥) បានរៀបចំផែនការអភិវឌ្ឍន៍សកម្មភាព របស់សាខាឆ្នាំ២០២៣ ដើម្បីឲ្យស្របទៅនឹងយុទ្ធសាស្ត្រឆ្នាំ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ដែរថាក្នុងរយៈពេល ៣ឆ្នាំកន្លងទៅ ដោយមានការចូលរួមចំណែកតម្រង់ទិស ពីសម្ដេចឧត្តមទេពពញាណ ហ៊ុន ណេង សាខា អនុសាខា បានពេញតួនាទីយ៉ាងសកម្ម ក្នុងភាពម្ចាស់ការ លើការផ្ដល់សេវាកម្ម មនុស្សធម៌ ផ្ដោតលើវិស័យអទិភាពទាំង ៤ ដោយបានឆ្លើយតប ទៅនឹងតម្រូវការជាក់ស្ដែង នៃភាពងាយរងគ្រោះ ហើយសម្រេចបានលទ្ធផល គួរឲ្យកត់សម្គាល់ ។ ទន្ទឹមនឹងនោះដែរ សាខា ក៏បានអនុវត្តលើការងារ សុខភាព និងការថែទាំសុខភាពសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្ស ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍសាខា សម្រេចបានលទ្ធផល ជាបន្តបន្ទាប់ទៀត ផងដែរ ។

ក្នុងឱកាសនោះដែរ លោកស្រី ម៉ែន នារីសុភ័គ បានសំដែងនូវសេចក្ដីសោមនស្សរីករាយបំផុត និងពាំនាំនៅសេចក្ដីនឹករលឹក ការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមជាមួយនឹងប្រសាសន៍ថ្លែងអំណរគុណ និងការកោតសរសើរ ចំពោះ គណៈកិត្តិយស គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ដែលតែងតែធ្វើសកម្មក្នុងការបំពេញភារកិច្ចមនុស្សធម៌ ជួយសម្រាលការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះ បានឆាប់រហ័ស ទាន់ពេលវេលា ក្នុងស្មារតីតួខុសត្រូវខ្ពស់ ស្របតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ ស័ក្ដិសមជាជំនួយការ ឲ្យអាជ្ញាធរសាធារណៈ ក្នុង វិស័យមនុស្សធម៌ ។ ថែមទាំងបានឆ្លុះបញ្ចាំង ពីវឌ្ឍនភាព នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ ស្ថាប័ន អភិវឌ្ឍន៍សាខា របស់កាកបាទក្រហមកម្ពុជា ដែលបានដំណើរការយ៉ាងមុតមាំ ចាប់តាំងពីសម្ដេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានជាប់ឆ្នោតជាប្រធានកាកបាទក្រហមកម្ពុជារៀងមក និងជាការបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់ថា ពីមួយឆ្នាំ ទៅមួយឆ្នាំ សាខាកាកបាទក្រហម ខេត្តកំពង់ចាម ក៏ដូចជា សាខា ២៥ផ្សេងទៀត មានការរីកចម្រើន ម្ចាស់ការខ្ពស់ ក្នុងការជួយសម្រាលទុក្ខលំបាក របស់អ្នករងគ្រោះ អ្នកងាយរងគ្រោះបំផុត ពោល គឺពិតជាបានជួយសម្រាលបន្ទុក របស់ថ្នាក់កណ្ដាល ទៀតផង ។

លោកស្រី ម៉ែន នារីសុភ័គ ក៏បានសំណូមពរ និងពាំនាំនូវអនុសាសន៍ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជម្រាបជូនសាខាកាកបាទក្រហមទាំងអស់ ឲ្យបន្តពង្រឹង ពង្រីកសមត្ថភាព បន្ថែមទៀត ទាំងថ្នាក់កណ្ដាល សាខា អនុសាខា ដើម្បី ដឹកនាំ អ្នកស្ម័គ្រចិត្ត និងយុវជន និងត្រូវយកចិត្តទុកដាក់ សហការជាមួយ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ពិសេស កម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត ឲ្យចូលរួមយ៉ាងសកម្ម ក្នុងការងារមនុស្សធម៌ និងសូមយកចិត្តទុកដាក់ ដោះស្រាយជីវភាពដល់សិស្ស និស្សិត ដែលមានជីវភាពខ្វះខាតផងដែរ ៕

To Top