ព័ត៌មានជាតិ

ឃុំ១ និងភូមិចំនួន ៣ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានប្រកាស ជាឃុំភូមិអស់មីន

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ឃុំស្តុក និងភូមិអង្គដូនតី ភូមិត្រពាំងថ្ម ភូមិរលាំងទឹក ក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសជាឃុំ ភូមិអស់មីន ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ដោយមានការគាំទ្រពី សភាពាណិជ្ជកម្ម ម៉ាឡេស៊ីប្រចាំកម្ពុជា (MBCC) ។

ពិធីប្រកាសនេះ មានការអញ្ជើញចូលរួម លោក Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា តំណាងរាស្រ្តលោក​ សរ សុពុត្រា អភិបាលរងខេត្ត តំណាងលោក​ វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោកឧកញ៉ា KM Tan ប្រធានសភាពាណិជ្ជកម្ម ម៉ាឡេស៊ីប្រចាំកម្ពុជា តំណាងក្រុមហ៊ុន អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រពលរដ្ឋ ។

ក្រោមការគាំទ្រពី MBCC សហការជាមួយអាជ្ញាធរមីន ផ្ទៃដីមានមីនចំនួន ២៩៩.២៥៥ ម៉ែត្រក្រឡា ស្មើនឹង ៥ ចម្ការមីន ស្ថិតក្នុងឃុំស្តុក និងឃុំស្រង់ ត្រូវបានបោសសម្អាតរួច ដោយប្រើប្រាស់ថវិកា បានមកពីការរៀបចំរាត្រីសមោសរ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ ក្នុងកិច្ចប្រតិបត្តិការរបស់មជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព (NPMEC) ចាប់ផ្តើមពីខែសីហា ឆ្នាំ២០២២ គ្រាប់មីនប្រឆាំងមនុស្សចំនួន ១៧ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ៣២ គ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោល ។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឧកញ៉ា KM Tan ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងក្រុមហ៊ុនដទៃទៀត ដែលបានផ្តល់នូវទឹកចិត្ត ប្រកបដោយសប្បុរសធម៌ការ រួមចំណែកផ្តល់ដីសុវត្ថិភាព និងសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមជម្រុញឲ្យកម្ពុជា កាន់តែខិតជិតសម្រេចគោលដៅគ្មានមីន ឆ្នាំ២០២៥។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ការងារបោសសម្អាតមីន ត្រូវបានចាត់ទុកជាកិច្ចការ មួយសំខាន់យ៉ាងសំខាន់ និងអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោយថ្ងៃរំដោះ ៧មករា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហើយឆ្នាំ២០២២ គឺជាធ្នាំមួយដែលមានការចូលរួមយ៉ាងច្រើន កុះករពីវិស័យឯកជន សប្បុរសជន និងប្រជាពលរដ្ឋ ជាមួយនឹងចលនាជាតិរបស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា ឲ្យអស់ត្រឹមឆ្នាំ២០២៥ ។

ដើម្បីសម្រេចបាននូវទស្សនវិស័យ របស់សម្តេចតេជោ គ្មានមីនឆ្នាំ២០២៥ កម្ពុជា នៅសល់រយៈពេល៣ឆ្នាំ (២០២៣-២០២៥) ទៀត ត្រូវបញ្ចប់ការងារបោសសម្អាតមីន ក្នុងទំហំផ្ទៃដីសង្ស័យមានមីន ប្រមាណជា ៦៤៨ គីឡូម៉ែត្រក្រឡា ៕

To Top