កំពង់ចាម៖ នៅក្នុងសិក្ខាសាលាស្ដីអំពីមគ្គទេស នៃការសិក្សាថ្នាក់ឧត្ដមសិក្សា នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ នៅសាខាសាកលវិទ្យាល័យ UME ខេត្តកំពង់ចាម ទីប្រឹក្សាសម្ដេចមហាពញាចក្រី ហេង សំរិន លោក មួន វាសនា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច បានមានប្រសាសន៍លើកទឹកចិត្តដល់ក្រុមនិស្សិត ឱ្យខិតខំសិក្សា ដើម្បីបោះជំហានទៅមុខ សម្រេចគោលដៅនៃជីវិតរបស់ខ្លួន ។
លោក មួន វាសនា បានមានប្រសាសន៍ថា ការសិក្សានៅវិទ្យាល័យ អស់រយៈពេល ១២ ឆ្នាំ គឺមានភាពខុសគ្នាជាមួយ ការសិក្សានៅសាកលវិទ្យាល័យ។ ពោលគឺ ការសិក្សានៅវិទ្យាល័យ គឺទាក់ទងទៅនឹងចំណេះដឹងទូទៅ ប៉ុន្តែនៅសាកលវិទ្យាល័យគឺសិក្សា រកចំណេះជំនាញដើម្បីយក ទៅប្រកបការងារផ្សេងៗ ។ ដូច្នេះការបោះជំហានចូលមក សិក្សានៅសាកលវិទ្យាល័យ សូមឱ្យប្អូនៗ និស្សិតធ្វើការកែប្រែទម្លាប់ នៃការសិក្សា ដោយត្រូវមានមោទនភាពជានិស្សិត ដែលដែលគ្រប់អាយុ និងមានភាពទទួលខុសត្រូវ ឯករាជ្យ ម្ចាស់ការ ដោយប្រើចំណេះដឹង និងបញ្ញា ត្រិះរិះពិចារណាជ្រើសរើសរកជំនាញ ដើម្បីសិក្សានិងឈានទៅដល់ ការសម្រេចគោលដៅនៃជីវិតរបស់ខ្លួន ។
លោក មួន វាសនា បានបញ្ជាក់ថា សិក្ខាសាលាថ្ងៃនេះ គឺមានការអញ្ជើញសាស្ត្រាចារ្យមកពីបរទេស និងថ្នាក់ដឹកនាំសាស្ត្រាចារ្យ នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម ក្នុង គោលបំណង ចែករំលែកឱ្យ ប្អូនៗ និស្សិតបានយល់ដឹងអំពីអ្វីដែលប្អូនៗ ត្រូវត្រៀមខ្លួន ដើម្បីសិក្សា នូវកំរិតថ្នាក់ឧត្តមសិក្សា ។
លោក មួន វាសនា បានបញ្ជាក់ផងដែរថា ការអញ្ជើញសាស្ត្រាចារ្យ មកពីបរទេសនាពេលនេះ ខាងសាកលវិទ្យាល័យមានបំណងធ្វើកិច្ច សហប្រតិបត្តិការជាមួយនឹងសាលាអន្តរជាតិ និងមានគម្រោងផ្ដល់ឱកាសដល់ និស្សិតដែលគ្មានលទ្ធភាព បានបន្តការសិក្សានៅសាកលវិទ្យាល័យ ដែលត្រូវបានទទួលការឧបត្ថម្ភ ជាកុំព្យូទ័រ អាហាររូបត្ថម្ភ និងការបង់ថ្លៃការសិក្សា ដែលទាំងនេះស្ថិតនៅក្នុងគម្រោង «យុវជនកម្ពុជាមានអនាគតភ្លឺស្វាង » ។
ជាមួយគ្នានោះខាងសាស្ត្រាចារ្យបរទេស ក៏បានពាំនាំនៅចំណេះដឹង មួយផ្នែកទៀត គឺបច្ចេកទេសហ្វឹកហ្វឺនផ្លូវចិត្ត ដែលបច្ចេកទេសនេះត្រូវបាន អនុវត្តជាង ៦០ ប្រទេសមកហើយ ដូចជាប្រទេសអូស្ត្រាលី និងប្រទេសអាមេរិកជាដើម។ បច្ចេកទេសនេះអាចជួយដល់និស្សិត បានទទួលភាពស្ងប់ស្ងាត់ផ្នែកប្រព័ន្ធខួរក្បាល ដើម្បីងាយស្រួលក្នុងការសិក្សា ឆាប់ចេះឆាប់យល់ និងធ្វើឲ្យសុខភាពល្អផងដែរ ៕