ភ្នំពេញ៖ ផ្ទះយុវជនដើម្បីមិត្តភាព កម្ពុជា ចិន ត្រូវបានរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរជាផ្លូវការ កាលពីព្រឹកថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៣ នារាជធានីភ្នំពេញ។
កម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេម រភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និង ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំង វត្តមានឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា , ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា ហើយមានការអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ ពីសំណាក់ឯកឧត្តម Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិនផងដែរ។ ក្រៅពីនេះ ក៏មានវត្តមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ឯកឧត្តម គីម រិទ្ធីប្រធានផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បានមានប្រសាសន៍ថា ផ្ទះនេះត្រូវបានបង្កើតឡើង ដើម្បីពង្រឹងមិត្តភាពរវាងយុវជន និងយុវជននៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរវប្បធម៌ ចំណេះដឹង បទពិសោធន៍ ក្នុងគោលដៅចូលរួមជំរុញមិត្តភាពកម្ពុជានិងចិនឲ្យបានល្អប្រសើរ ដូចបុព្វបុរសជំនាន់មុនបានកសាងឡើង នូវមិត្តភាពរវាងប្រទេសទាំងពីរ។
សំឡេង៖ «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជាចិន ក៏ជាស្ពានមួយដើម្បីរឹតចំណងនូវមិត្តភាពនេះ ជាពិសេស ក៏ដូចជា ការគាំទ្រ និងអនុវត្តនូវគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ដើម្បីជំរុញឲ្យយុវជនស្រូវយកឱកាសនេះ ក្នុងមុខរបរ ជំនួញ ជំរុញសហគ្រិនវ័យក្មេង តាមរយៈការចាប់យកឱកាសនេះ ក៏ដូចជា ចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ នៅក្នុងយុវជនផងដែរ។ ទន្ទឹមនឹងនេះ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជាចិនក៏ជាស្ពានដ៏សំខាន់សម្រាប់ ជំរុញថ្នាក់ដឹកនាំវ័យក្មេងនៃប្រទេសទាំងពីរ ដើម្បីឲ្យពួកគាត់មានកិច្ចសន្ទនា និងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា»។
ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដែរថា «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជាចិនដើរតួនាទីដ៏សំខាន់ ក្នុងនាមជាវេទិកាផ្លាស់ប្តូរបទពិសោធន៍ ទស្សនទាន និងវប្បធម៌ រវាងយុវជននៃប្រទេសកម្ពុជានិងចិន ដែលនឹងជំរុញបន្ថែមនូវចំណងមិត្តភាពជាប្រពៃណី និងការកសាងអនាគតរួមគ្នា ស្របតាមគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ។ វេទិកានេះក៏នឹងចូលរួមចំណែក លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា បន្ថែមលើការគាំទ្រកន្លងមក របស់មិត្តចិន ក៏ដូចជា ការផ្តល់អាហារូបករណ៍ និងការរៀបចំវគ្គបណ្តុះបណ្តាល សម្រាប់បញ្ញវន្ត និងអ្នកសិក្សាស្រាវជ្រាវ។
ឯកឧត្តម ក៏សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីចិន ដែលតែងតែគាំទ្រទាំងស្មារតី និងសម្ភារ ចំពោះគំនិតផ្តួចផ្តើមនៃការបង្កើតនិងដាក់ដំណើរការផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន។
ឯកឧត្តម Wang Wentian បានមានប្រសាសន៍ផងដែរថា ក្រោយចំណាយពេលសាង់សង់ត្រឹមជាង១ឆ្នាំ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ មានន័យថាជាវេទិកាសម្ព័ន្ធដើម្បីកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរយុវជនចិននិងកម្ពុជា ត្រូវបានសាងសង់ឡើង នៅរាជធានីភ្នំពេញ។ តាងនាមស្ថានទូតចិនប្រចាំកម្ពុជា ឯកឧត្តម Wang Wentian សូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ។
ឯកឧត្តមបានបន្តថា យុវជនគឺជាអនាគតនៃការអភិវឌ្ឍប្រទេសទាំងពីរ ហើយក៏ជាអនាគតនៃទំនាក់ទំនង រវាងចិននិងកម្ពុជា។ ភាគីទាំងពីរបាននិងកំពុងលើកទឹកចិត្តនិងគាំទ្រការផ្លាស់ប្តូររវាងយុវជនប្រទេសទាំងពីរ ហើយសង្ឃឹមថា យុវជនកម្ពុជានិងចិនប្រកាន់ខ្ជាប់នូវឧត្តមគតិយ៉ាងខ្ពង់ខ្ពស់ ពង្រឹងចំណេះដឹង ចូលរួមអនុវត្តជាក់ស្តែង ធ្វើជាអ្នករក្សាមិត្តភាពចិននិងកម្ពុជា អ្នកជំរុញកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរចិននិងកម្ពុជា បង្កើតអនាគតកាន់តែល្អប្រសើរ សម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ។
«ផ្ទះយុវជនគឺជាសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការចិននិងកម្ពុជា និងផ្តល់ជាវេទិកាយ៉ាងសំខាន់ សម្រាប់ការផ្លាស់ប្តូរយុវជន យើងទាំងពីរ» ឯកឧត្តម Liu Jianchao ក៏បានថ្លែងសុន្ទរកថា នាពេលនោះដែរ ដោយបានលើកឡើងពីប្រសាសន៍ របស់ប្រធានរដ្ឋចិន ឯកឧត្តម Xi Jinping ដែលធ្លាប់បានលើកឡើងថា យុវភាពមានន័យថា ក្តីសង្ឃឹម ហើយយុវជន គឺជាកម្លាំង ដ៏សំខាន់ ក្នុងការកសាងអនាគតដ៏ល្អបវរ។ ឯកឧត្តមបន្តថា ក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការ មជ្ឈិមបក្សកម្មុយនីស្តចិនមានគោលបំណងសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បង្កើនការផ្លាស់ប្តូរជាមួយគ្នា ដើម្បីដឹកនាំ យុវជនចិនកម្ពុជា ឲ្យខិតខំប្រឹងប្រែងដើម្បីកសាងអនាគតដ៏ល្អ នៃចំណងមិត្តភាពចិននិងកម្ពុជា។
លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អនុប្រធានផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនដែរថា ទំនាក់ទំនងមួយឆ្លងកាត់សម័យកាលជាច្រើន ប៉ុន្តែនៅតែរក្សាបាននូវមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ ក្លាយជាភាពជាដៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងមិត្តដែកថែប។ ក្នុងនាមជាយុវជន យើងត្រូវតែបន្តថែរក្សា ស្មារតីកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ជំរុញសកម្មភាពជាក់ស្តែងបន្តទៀត ក៏ដូចជ ជំរុញការផ្លាស់ប្តូរសហគ្រិនវ័យក្មេង នៃប្រទេសទាំងពីរ ហើយុវជនអាចចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសរៀងៗខ្លួន អភិវឌ្ឍន៍បន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីកម្ពុជា ចិន និងការចូលរួមកសាងសហគមន៍ដែលមានជោគវាសនារួម កម្ពុជា ចិន។
នាឱកាសនោះដែរ ក៏មានការបង្ហាញវត្ថុអនុស្សាវរីយ៍ ជូនផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជាចិន សម្រាប់ទុកជា វត្ថុអនុស្សាវរីយ៍ នៅផ្ទះយុវជន ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិនផងដែរ ហើយក៏ភាគីពីរក៏បានអញ្ជើញកាត់ខ្សែបូ សម្ពោធជាផ្លូវការ នូវផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ក្នុងបរិយាកាសប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។
ក្នុងពេលនោះដែរ ក៏មានការរៀបចំសិក្ខាសាលាយុវជនស្តីពីទំនាក់ទំនងកម្ពុជា-ចិន ដោយមានការផ្លាស់ប្តូរគំនិត យោបល់ និងទស្សទាន នានា រវាងយុវជនដែលជាវាគ្មិន នៃប្រទេសទាំងពីរ ទាក់ទងនឹងប្រធានបទនានា ផ្តោតលើ កិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត និង ការកសាងសហគមន៍វាសនា រួមរវាងកម្ពុជានិងចិន យ៉ាងផុសផុលផងដែរ។
កញ្ញា Kong Siqi អ្នកទទួលខុសត្រូវ វិទ្យុមិត្តភាពកម្ពុជា-ចិនក៏ជាវាគ្មិនមួយរូប ចូលរួមចែករំលែកបទពិសោធន៍ ក្នុងនាមជាអ្នកសារព័ត៌មានវ័យក្មេងរបស់ចិន ដែលកំពុងបំពេញបេសកកម្មនៅកម្ពុជា ជាពិសេស បានបង្ហាញវីដេអូ ព័ត៌មាន ថ្មីៗនេះ បង្ហាញពីចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរ ត្រៀមទទួលស្វាគមន៍វត្តមានទេសចរ មកពីប្រទេសចិន នាដើមឆ្នាំ២០២៣នេះ៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)