ព័ត៌មានជាតិ

ក្រសួង​សាធារណការ​ កំពុងពិនិត្យវិធានការកែលម្អ ប្រព័ន្ធរំដោះទឹកភ្លៀង តាមបណ្ដោយផ្លូវជាតិលេខ៤

ភ្នំពេញ​ ៖​ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងស្វែងយល់លើបទបង្ហាញស្ដីអំពីវិធានការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យពិភាក្សាស្វែងយល់ពីវិធានការ និងវិធីសាស្រ្តផ្សេងៗក្នុងការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀងតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីលើកជាគម្រោងផែនការសម្រាប់ដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធដែលធ្លាប់បានកើតមានឡើងនាពេលកន្លងមក ក្នុងគោលបំណងលើកកម្ពស់សុខភាព អនាម័យ សុខុមាលភាពសាធារណៈ និងរក្សាបាននូវសោភ័ណភាពទីក្រុងផងដែរ។

អង្គប្រជុំបានផ្លាស់ប្ដូរមតិយោបល់យ៉ាងផុសផុលលើការងារបច្ចេកទេសទាក់ទងនឹងគម្រោងសិក្សាលើការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង ដើម្បីធ្វើយ៉ាងណាកំណត់ឱ្យបាននូវបញ្ហាប្រឈមផ្សេងៗដែលអាចកើតមានឡើងនៅក្នុងគម្រោង។ ជាងនេះទៅទៀត អង្គប្រជុំបានពិភាក្សាលើការពង្រីកវិសាលភាពការងារនេះឱ្យបានកាន់តែទូលំទូលាយ និងមានភាពច្បាស់លាស់ ដើម្បីអាចដោះស្រាយនូវបញ្ហាប្រឈមឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់ក្រុមការងារ ធ្វើយ៉ាងណាជំរុញពន្លឿនលើការសិក្សាពីបច្ចេកទេសនៃគម្រោងការងារកែលម្អប្រព័ន្ធរំដោះទឹកភ្លៀងនេះឱ្យបានឆាប់រហ័ស ដើម្បីធ្វើបទបង្ហាញគោរពជូនទៅ​ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍បន្ថែមសំដៅជំរុញឱ្យគម្រោងនេះអាចអនុវត្តទៅបានដោយជោគជ័យ៕

To Top