ព័ត៌មានជាតិ

ក្រុមការងាររុះរើ ប្រទះឃើញសាកសព១នាក់បន្ថែមទៀត នៅជាន់ទី១០ នៃកាស៊ីណូដែលឆាបឆេះ នៅច្រកអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ: ប្រភពពត៌មានពីក្រុមហ៊ុនកាស៊ីណូហ្រ្គែនដាយមិន Casino Grand Daimond City នៅក្រុងប៉ោយប៉ែត នៅព្រលប់នេះបានរាយការថា កាលពីវេម៉ោង១៥ និង២០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះក្រុមមន្ត្រីជំនាញ និងក្រុមជាងរុះរើបានរកឃើញសាកសពចំនួន៖ 1នាក់បន្ថែមទៀត នៅជាន់ទី១០ ក្នុងបន្ទប់ទឹករួម បន្ទាប់មកសពត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច្ច័យនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា វេលាម៉ោង១៨:១០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្រោយកោសល្យវិច័យ លទ្ធផលបានបង្ហាញថា សពជនរងគ្រោះពិតជាបានស្លាប់បាត់បង់ជីវិត ដោយសារឈ្លក់ផ្សែង។

លោកអធិការបានបញ្ជាក់ថា សពជនរងគ្រោះមានឈ្មោះ Chavivat peechapol ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខ AB1916225។បច្ចប្បន្នសាកសពត្រូវរក្សាទុកក្នុងបន្ទប់រក្សាសាកសពនៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើត។

គួររំលឹកថា កាលពីវេលាម៉ោង១១:៤៥នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ មានហេតុការណ៍អគ្គីភ័យទ្រង់ទ្រាយធំមិនធ្លាប់មាន បានឆាបឆេះកាស៊ីណូចំនួន២គឺ កាស៊ីណូ Grand Daimond City និង Poipet Resort នៅច្រកអន្តរជាតិប៉ោយប៉ែត ហើយក្នុងហេតុការន៍នោះបានបណ្តាលឲ្យមនុស្សប្រុស-ស្រី ចំនួន២៦នាក់ បានស្លាប់ និងរបួសធ្ងន់ស្រាលចំនួន៥៧នាក់ ជនរងគ្រោះមាន ជនជាតិថៃ ចិន ឥណ្ឌូនេស៊ី ណេប៉ាល់៕ ដោយ ប៊ុន សំណាង

To Top