ភ្នំពេញ៖ រឿងរ៉ាវលោក គង់ គាំចំពោះដី និងផ្ទះមួយកន្លែងស្ថិតនៅជិតផ្សារទំនើប អ៉ីអន ក្នុងទឹកដីខណ្ឌចំការមន បានឈានចូលដល់ផ្លូវច្បាប់ហើយ ព្រោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានស្នើអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ត្រូវស្រាវជ្រាវជាបន្ទាន់ អំពីភាពមិនប្រក្រតីនានាដែលលោក បានលួចបន្លំធ្វើប័ណ្ណកម្មសិទ្ធិផ្ទាល់ខ្លួន លើដី និងផ្ទះ របស់ក្រសួងការបរទេស។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ បានបញ្ជាក់ថា «ដើម្បីពន្លឿនដំណើរការស្វែងរកការពិត ជុំវិញការរៀបចំឯក សារបន្លំយកដី និងផ្ទះ របស់ក្រសួងការបរទេស ធ្វើជាកម្មសិទ្ធិឯកជន ដែលប្រព្រឹត្តដោយ គង់ គាំ, នៅមុន នេះបន្តិច ខ្ញុំបានស្នើទៅកាន់អង្គភាព ប្រឆាំងអំពើពុករលួយ ដើម្បីស្រាវជ្រាវជាបន្ទាន់ អំពីភាពមិនប្រក្រតីនានា នៃការលួចបន្លំធ្វើប័ណ្ណ សម្គាល់សិទ្ធិកម្មសិទ្ធិលើដី និងផ្ទះ ដែលជាកម្មសិទ្ធិ របស់ក្រសួងការបរទេស និងចាត់វិធានការបន្តតាមផ្លូវច្បាប់ តាមការចាំបាច់ ដោយផ្អែកលើមូលដ្ឋាន នៃលទ្ធផលដែល បានស្រាវជ្រាវរកឃើញ»។
សម្ដេចតេជោបន្ដថា ដី និងផ្ទះ ដែលលោក គង់ គាំ រៀបចំឯកសារបន្លំយកនេះ គឺជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយដី និងផ្ទះនេះ នឹងមិនត្រូវបាត់បង់ទៅណាឡើយ ដោយត្រូវយកមកវិញ តាមគ្រប់មធ្យោបាយដោយអនុវត្ត ទៅតាមនីតិវិធីច្បាប់ជាធរមាន។
សូមបញ្ជាក់ថា តាមលិខិតមួយច្បាប់លោក គង់ គាំនាថ្ងៃ១១ មករា បានរៀបរាប់ថា លោកបានមកស្នាក់នៅលើដី និងផ្ទះរបស់ក្រសួងការបរទេសតាំងអំឡុងឆ្នាំ១៩៨០ ក្រោយពេលលោកចប់កាន់ការងារទូត នៅបរទេស ហើយតម្រូវឲ្យមកស្រុកខ្មែរ ដោយបានធ្វើលិខិតបញ្ជាក់ ទៅសម្តេចតេជោ នាពេលនោះ ក្នុងឋានៈសម្តេចជារដ្ឋមន្រ្តីការបរទេស ។ ប៉ុន្តែក្រោយពីឃើញលោក គង់ គាំ លើកបែបនេះមក ពីថ្ងៃ១១ មករា ដដែលនោះ សម្តេចក៏តបទៅវិញថា លោក គង់ គាំ គ្រាន់តែធ្វើលិខិតបញ្ជាក់ប៉ុណ្ណោះ ប៉ុន្តែសម្តេចមិនបានប្រគល់ ឲ្យធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទេ ដូច្នេះរាល់ទង្វើលោក គង់ គាំ ធ្វើដាក់ជាកម្មសិទ្ធិលោកនោះ គឺជាការលួចបន្លំ ពោលគឺខុសច្បាប់ហើយ។
ទើបសម្តេចស្នើអង្គភាពប្រឆាំង អំពើពុករលួយស៊ើបជាបន្ទាន់ ។ ពាក់ព័ន្ធករណីនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ដដែលក៏បានដាក់ពាក្យបណ្តឹង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យចេញសាលក្រមកំណត់ឲ្យលោក គង់ គាំ ប្រគល់ដី និងអគារមួយកន្លែង ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រឡប់មកក្រសួងការបរទេសវិញ ជាមួយនឹងការទាមទារសំណងជំងឺចិត្ត ៤ពាន់លានរៀល។
ក្រសួងការបរទេស បានសម្រេចប្រគល់សិទ្ធិឲ្យលោក គី តិច រៀបចំបណ្តឹង និងតាមការពារសំណុំរឿង ទាម ទារទ្រព្យរដ្ឋ ជូនក្រសួងការបរទេស គ្រប់គ្រងតាមច្បាប់វិញ៕