ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ៖ ការអនុវត្តយុទ្ធសាស្ត្រថ្មី នៃការប្រមូល សំរាមក្នុងក្រុងកំពង់ចាម ជួបបញ្ហាខ្លះចំពោះផ្ទះធ្វើអាជីវកម្ម

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ក្រោយពេលអនុវត្ត យុទ្ធសាស្ត្រថ្មី ក្នុងការប្រមូលសំរាមក្នុងក្រុងកំពង់ចាម អស់រយៈពេលជាង១០ ថ្ងៃ កន្លងមកនេះ ឃើញថា ទាក់ទងទៅនឹងការប្រមូលថ្លៃសេវា ក្រុមការងារជួបបញ្ហាខ្លះៗ ចំពោះផ្ទះដែលធ្វើអាជីវកម្ម ដោយឡែកចំពោះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ មិនមានបញ្ហានោះទេ ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៣ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៤៤ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្ត នៅសាលាខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ក្នុងដំណើរការសាកល្បង រយៈពេល ៦ ខែ នៃការអនុវត្តគោលការណ៍ថ្មី ដើម្បីការងារប្រមូលសំរាម របស់ក្រុមហ៊ុនស៊ិនទ្រី ក្នុងក្រុងកំពង់ចាម មកដល់ពេលនេះគឺរយ:ពេលជាង ១០ ហើយ ឃើញថាក្រុមការងារ បានជួបបញ្ហាខ្លះៗ ទាក់ទងការប្រមូលថ្លៃសេវា ជាមួយផ្ទះប្រជាពលរដ្ឋ ដែលធ្វើអាជីវកម្ម ដូចជាផ្ទះបើកអាហារដ្ឋាន ភោជនីយដ្ឋាន និងឃ្លាំង ក្រុមហ៊ុន ធនាគារ ជាដើម ។

លោកអភិបាលខេត្ត បានបន្តថា យុទ្ធសាស្ត្រថ្មីនេះ គឺតម្រូវឲ្យក្រុមហ៊ុនសិនទ្រី ប្រមូលសំរាម ក្នុងក្រុងកំពង់ចាម យកមកថ្លឹងគីឡូ គិតលុយពីរដ្ឋបាល ក្រុងកំពង់ចាម ដោយ ១តោន តម្លៃ ១៧ ដុល្លារអាមេរិក ។ ហើយមានក្រុមហ៊ុនមួយទៀត ជាអ្នកប្រមូលថ្លៃសេវា ពីប្រជាពលរដ្ឋ ប្រគល់ថវិកាឲ្យរដ្ឋបាលក្រុងកំពង់ចាម សម្រាប់ទូទាត់ជាមួយក្រុមហ៊ុនស៊ិនទ្រី ដោយអនុវត្តទៅតាមតារាងកំណត់តម្លៃ របស់ក្រសួងបរិស្ថាន ។

លោកអភិបាលខេត្ត បានបន្តទៀតថា ក្នុងការអនុវត្តគោលការណ៍ថ្មីនេះ អាជ្ញាធរខេត្ត បានមើលឃើញ នូវបញ្ហា ជាមួយផ្ទះប្រជាពលរដ្ឋ ដែលប្រកបមុខរបរធ្វើអាជីវកម្ម និង បានធ្វើការដោះស្រាយទាំងនោះជាបណ្ដើរៗហើយផងដែរ ។ ជាមួយគ្នានេះ រដ្ឋបាលក្រុងកំពង់ចាម ក៏បានបើកទូលាយ ដល់ប្រជាពលរដ្ឋ បើពិនិត្យឃើញថា ផ្ទះរបស់ខ្លួន ត្រូវបង់ថ្លៃសេវា មានកម្រិតខ្ពស់ សូមមកពិភាក្សា ដើម្បីដោះស្រាយ នៅសាលាក្រុងកំពង់ចាម ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការងារប្រមូលសំរាមនេះ ត្រូវបានបែងចែកក្រុមការងារ ជា ៣ក្រុម ដោយក្នុងនោះ ៖

ក្រុមទី១ ៖ គឺក្រុមការងារតាមដាន និងត្រួតពិនិត្យការប្រមូលសំរាម របស់ក្រុមហ៊ុនស៊ីនទ្រី ។

ក្រុមទី២ ៖ គឺក្រុមការងារគ្រប់គ្រង និងប្រមូលចំណូល ដើម្បីទូទាត់ថ្លៃសំរាម ឱ្យទៅក្រុមហ៊ុនស៊ិនទ្រី ក្នុង១តោន តម្លៃ ១៧ ដុល្លារអាមេរិក ។

ក្រុមទី៣ ៖ គឺក្រុមការងារដោះស្រាយវិវាទ និងសំណូមពររបស់ប្រជាពលរដ្ឋ។

ពាក់ព័ន្ធទៅនឹងការអនុវត្តគោលការណ៍ថ្មី ក្នុងការប្រមូលសម្រាម ក្នុងក្រុងកំពង់ចាមនេះផងដែរ លោក ប៉ុង យ៉េន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម បានឱ្យដឹងផងដែរថា តាមការស្ទង់មតិរបស់ប្រជាពលរដ្ឋ គឺពួកគាត់មានការសាទរ ចំពោះយុទ្ធសាស្ត្រនេះ ដោយហេតុថា មួយរយៈនេះ ឃើញថាក្រុមហ៊ុនស៊ិនទ្រី ធ្វើការប្រមូលសំរាមបានឆាប់រហ័ស ដោយមិនមាន សំរាមសល់ទុកយូរ ស្អុយរលួយ តាមមុខផ្ទះដូចពីមុនទៀតទេ ៕

To Top