ព័ត៌មានជាតិ

ផឹកស្រាស្រវឹង ដើររអិលជើងធ្លាក់ ទឹកស្រះលង់ស្លាប់ នៅស្រុកស្វាយទាប

ស្វាយរៀង៖ បុរសម្នាក់ ស្រវឹងដើររអិលជើងធ្លាក់ទឹកស្រះ លង់បណ្ដាលឲ្យស្លាប់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅភូមិវាយ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្ដស្វាយរៀង ។

មន្ដ្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគគីរសោម បានឲ្យដឹងថា សព មានឈ្មោះឃុន សាលី (ហៅឌី) ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្ដស្វាយរៀង ។

មន្ដ្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគគីរសោម បានបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅចូលរួមកម្មពិធី អាពាហ៍ពិពាហ៍ចៅនៅភូមិវាយ ឃុំគគីរសោម ហើយបានលង់ទឹកស្រះខាងកើត ផ្ទះរបស់ឈ្មោះឃួន ចន្ធួន ភេទប្រុសអាយុ៥៩ឆ្នាំ ចម្ងាយប្រមាណ២០ម៉ែត្រ ទើបនៅថ្ងៃទី១១ខែមករា ឆ្នាំ២០២៣ បងប្អូននិងក្រុមគ្រួសារ ដើររកឃើញស្លាប់ក្នុងស្រះទឹក។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុរួមទាំង លោកវេជ្ជបណ្ឌិត ឈ្មោះ សុត សំអូន គ្រូពេទ្យព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គី រំដួលនិងកម្លាំងជំនាញ នគរបាលស្រុកស្វាយទាប បានធ្វើការពិនិត្យសាកសពឈ្មោះឃុន សាលី នេះបានបញ្ជាក់ឲ្យដឹងថា ពិតជាលង់ទឹកស្លាប់មែន ។

បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារ សាច់ញាតិបងប្អូនយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕

To Top