ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់ដី និងផ្ទះ ដែលលោក គង់ គាំ ស្ម័គ្រចិត្តប្រគល់ត្រឡប់ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិវិញ ទៅឱ្យគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ។
តាមសេចក្តីប្រកាសរបស់គណៈរដ្ឋមន្ត្រី បានឱ្យដឹងថា “រាជរដ្ឋាភិបាលសម្រេចផ្តល់ដី និងផ្ទះ ដែលជាទ្រព្យសម្បត្តិរដ្ឋ ដែលលោក គង់ គាំ បាន ស្ម័គ្រចិត្តប្រគល់ត្រឡប់ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិវិញ ទៅឱ្យគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីប្រើប្រាស់ធ្វើជាទីស្នាក់ការរបស់ គ.ជ.ប”។
សូមរំលឹកថា យោងតាមលិខិតផ្ញើជូន លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក គង់ គាំ បានទទួលស្គាល់ថា ខ្លួនមានការឆ្គាំឆ្គង និងយល់មិនបានអស់អំពីបែបបទនៃការសុំកាន់កាប់ផ្ទះ និងដី។
ភ្លាមៗនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសរសេរលេីហ្វេសប៊ុក នាយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានថ្លែងថា “ទីបំផុតដី និងផ្ទះ ដែលជាសម្បត្តិរដ្ឋត្រូវបាន លោក គង់ គាំ និងភរិយាផ្តិតមេដៃប្រគល់ជូនរដ្ឋវិញ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយធ្វើការជាមួយលោក គង់ គាំ និងគ្រួសាររយៈពេល៣ម៉ោងកន្លះ”។
សម្ដេច បន្ដថា “កុំឲ្យយប់យូរសុបិនច្រើន ខ្ញុំសម្រេចមិនប្តឹងបន្តទៀតទេ គឺបញ្ចប់ត្រឹមការប្រគល់ផ្ទះ
នេះជូនក្រសួងការបរទេសដែលអាចធ្វើ
នាសប្តាហ៍ក្រោយ”។
សូមរំលឹកថា ដី និងផ្ទះ ដែលលោក គង់ គាំ កំពុងរស់នៅ គឺជាដីកម្មសិទ្ធិរបស់ក្រសួងការបរទេសនត្រូវបានលោកចូលមករស់នៅ កាលពីឆ្នាំ១៩៨២៕